ដូហា ប្រទេសកាតា – កាលពីថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ គណៈប្រតិភូអាហ្វហ្គានីស្ថាន ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសស្តីទី លោក Amir Khan Muttaqi បានបើកកិច្ចពិភាក្សាថ្ងៃទី ២ ជាមួយអ្នកការទូតមកពីសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុបចំនួន ១៦ នៅរដ្ឋធានី Doha ប្រទេសកាតា ក្នុងគោលបំណងស្វែងរកជំនួយនានា ដើម្បីដោះស្រាយស្រាយវិបត្តិមនុស្សធម៌ ដែលកំពុងកើតមានយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសរបស់ខ្លួន។
ផ្អែកតាមសេចក្តីថ្លែងការណ៍ក្រោយពីកិច្ចប្រជុំនេះ បានគូសបញ្ជាក់ថា “គ្រប់ភាគីទាំងអស់សន្យាថានឹងខិតខំប្រឹងប្រែងតាមដែលអាចធ្វើទៅបាន ដើម្បីធានានូវឲ្យមានភាពប្រសើរឡើងចំពោះសុខុមាលភាព និងការរស់នៅ របស់ប្រជាជនអាហ្វហ្គានីស្ថានទាំងអស់ ហើយសហគមន៍អន្តរជាតិត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យជំនួយមនុស្សធម៌” ។ ក៏ប៉ុន្តែ សេចក្តីថ្លែងការណ៍នេះ មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់ណាមួយអំពីជំហានដែលត្រូវអនុវត្តដោយសហគមន៍អន្តរជាតិនោះទេ។
លោក Thomas Niklasson តំណាងពិសេសរបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានចូលរួមកិច្ចពិភាក្សានេះផងដែរ បាននិយាយថា សហភាពអឺរ៉ុបនៅតែប្តេជ្ញាផ្តល់ជំនួយចំនួន 500 លានអឺរ៉ូ (569 លានដុល្លារ) តាមរយៈអង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌ ដល់ប្រជាជនអាហ្វហ្គានីស្ថាន ដោយមិនឆ្លងកាត់រដ្ឋាភិបាលអាហ្វានីស្ថានឡើយ។ នៅក្នុងការបង្ហោះតាម Twitterរបស់ខ្លួន លោក Niklasson បានបន្ថែមថា ពួកតាលីបង់បានបង្ហាញអំពី “ការប្តេជ្ញាចិត្តក្នុងការបើកសាលាបឋមសិក្សា និងមធ្យមសិក្សាសម្រាប់ក្មេងប្រុស និងក្មេងស្រីទូទាំងប្រទេស មិនឱ្យលើសពីខែមីនា” ។
គួររំលឹកផងដែរថា បន្ទាប់ក្រុមតាលីបង់បានដណ្តើមអំណាចកាលពីខែសីហាឆ្នាំមុនដោយការផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយលោកខាងលិចរបស់លោកប្រធានាធិបតី Ashraf Ghani រហូតមកដល់ពេលនេះ រដ្ឋាភិបាលតាលីបង់នៅតែមិនត្រូវបានទទួលស្គាល់ដោយប្រទេសណាមួយឡើយ ហើយមន្ត្រីជាន់ខ្ពស់ជាច្រើនរបស់ខ្លួននៅតែស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងអង្គការសហប្រជាជាតិ។ សព្វថ្ងៃនេះ ប្រទេសអាហ្វានីស្ថាន កំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ហើយ 97 ភាគរយនៃចំនួនប្រជាជនរបស់ប្រទេសនេះ កំពុងធ្លាក់នៅក្រោមបន្ទាត់នៃភាពក្រីក្រ (នេះបើយោងតាមការព្យាករណ៍របស់ UNDP) ហើយប្រទេសនេះក៏ត្រូវបានកាត់ផ្តាច់ចេញពីប្រព័ន្ធស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ហើយបច្ចុប្បន្នបានបង្កឲ្យមានវិបត្តិធនាគារក្នុងប្រទែស ក្នុងនោះប្រាក់រាប់ពាន់លានដុល្លារ ដែលសល់ពីរដ្ឋាភិបាលចាស់ ត្រូវបានប្រទេសលោកខាងលិចបង្ក មិនអាចដកយកមកប្រើប្រាស់បាន ។
ទាក់ទិននឹងបញ្ហានេះ បណ្តាប្រទេសលោកខាងលិច និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានបញ្ជាក់ថា លុះត្រាតែ រដ្ឋាភិបាលបាលតាលីបង់ ធ្វើការកែលម្អកំណត់ត្រាសិទ្ធិមនុស្សក្នុងប្រទេសរបស់ខ្លួនជាមុនសិន ទើបពួកគេពិចារណា លែងបង្កប្រាក់ទាំងនោះ។ បន្ថែមពីនេះ កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ទុនបម្រុងចំនួន 7 ពាន់លានដុល្លារអាហ្វហ្គានីស្ថាន ដែលរក្សាទុកនៅសហរដ្ឋអាមេរិក នឹងត្រូវបែងចែករវាងមូលនិធិដើម្បីជួយអាហ្វហ្គានីស្ថាន និងផ្តល់សំណងដល់ជនរងគ្រោះនៃការវាយប្រហារថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2001 ប៉ុន្ថែ ក្រុមតាលីប បានធ្វើថ្លែងការណ៍មួយដែលបញ្ជាក់ថា “វាមិនអាចទទួលយកបានសម្រាប់សហរដ្ឋអាមេរិកក្នុងការចំណាយប្រាក់នេះលើជំនួយមនុស្សធម៌ ឬសំណង”៕
Source: Aljazeera,