ទីក្រុងហុងកុងនៅថ្ងៃទី១៨ កុម្ភៈនេះ បានប្រកាសពីការពន្យារពេលជ្រើសរើសមេដឹកនាំថ្មីរបស់ទីក្រុងមួយនេះ ដែលគ្រោងធ្វើនៅចុងខែមីនាខាងមុខនេះ ទៅខែឧសភា ឆ្នាំ២០២២វិញ ដោយសារតែជំងឺកូវីដ១៩ បាននឹងកំពុងផ្ទុះឡើងខ្លាំងនៅក្នុងទីក្រុងមួយនេះ នាពេលបច្ចុប្បន្ននេះ។
មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់របស់ប្រទេសចិននេះ បច្ចុប្បន្នបាននឹងកំពុងតែរងគ្រោះយ៉ាងខ្លាំងដោយសារតែកំណើននៃការឃើញអ្នកឆ្លងកូវីដ១៩ មានការកើនឡើងខ្ពស់ដែលមានករណីឆ្លងរាប់ពាន់នាក់ក្នុងមួយថ្ងៃដែលធ្វើឱ្យមន្ទីរពេទ្យមិនអាចទ្រទ្រង់អ្នកជំងឺបាន។
មេដឹកនាំទីក្រុងហុងកុងលោកស្រី Carrie Lam បានប្រាប់អ្នកសារព័ត៌មានថា ការជ្រើសរើសមេដឹកនាំថ្មីសម្រាប់ទីក្រុងមួយនេះ គឺនឹងត្រូវត្រឡប់ធ្វើនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២វិញ។ លោកស្រី ថា ការសម្រេចចិត្តនេះ គឺដោយសារតែទីក្រុងហុងកុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរបំផុតចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីពីរឆ្នាំមុន ហើយវាគឺជាស្ថានភាពធ្ងន់ធ្ងរ។
លោកស្រី បានគូសបញ្ជាក់ថា ”នេះក៏ស្របតាមស្មារតីដែលបានលើកឡើងដោយប្រធានាធិបតី ស៊ីជីនពីង នៅក្នុងការណែនាំសំខាន់ៗរបស់គាត់ ពោលគឺយើងត្រូវគ្រប់គ្រងការរីករាលដាលនៃជំងឺរាលត្បាតនេះដែលជាអាទិភាពចម្បងរបស់យើង”៕