ទំនាស់ដីធ្លីជាករណីដ៏រសើបមួយនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន។ ទំនាស់នេះ សុទ្ធតែមានប្រភពនៃទំនាស់ មូលហេតុនៃទំនាស់ និងយន្តការនៃការដោះស្រាយ។
ដើម្បីជ្រួលជ្រាបពីដើមចមនាំឱ្យកើតទំនាស់ដីធ្លី និងយន្តការឆ្លើយតបនឹងទំនាស់នេះ សារព័ត៌មានខ្មែរឈានមុខ សូមធ្វើការបង្ហាញជូនដូចតទៅនេះ ៖
តើមានមូលហេតុអ្វីខ្លះនាំឱ្យមានជម្លោះដីធ្លី? ដើម្បីឆ្លើយតបនឹងសំនួរមួយនេះ សូមលើកនូវទទ្ប្ហីករណ៍ចំនួន០៥ (ប្រាំ)គឺ ៖
១. ក្របខណ្ឌច្បាប់មិនច្បាស់លាស់ ឬ អាចនិយាយបានថា កង្វះអត្ថបទច្បាប់ក្នុងការគ្រប់គ្រងលើបញ្ហាដីធ្លី។ ប៉ុន្តែមួយរយៈពេលចុងក្រោយនេះឃើញមានការបង្កើតនូវលិខិតបទដ្ឋានគតិយុត្តិជាបន្តបន្ទាប់ ដូចជា ច្បាប់ភូមិបាលឆ្នាំ២០០១ ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ ច្បាប់អស្សាមិករណ៍ឆ្នាំ២០១០ ជាដើម។
២. ភាពទន់ខ្សោយរបស់ស្ថាប័នពាក់ព័ន្ធកើតចេញពី ធនធានមនុស្សនៅមានកម្រិត កង្វះមធ្យោបាយក្នុងការដោះស្រាយ ដោះស្រាយហើយ នៅតែប្រជាពលរដ្ឋមិនសុខចិត្តទៀត នៅបន្តប្តឹងទៅស្ថាប័នពាក់ព័ន្ធផ្សេងដដែល។
៣. ប្រជាពលរដ្ឋខ្វះខាតឯកសារកម្មសិទ្ធិដីធ្លី ដោយសារ កង្វះការយល់ដឹង ក្តាប់ព័ត៌មានមិនបានពេលអាជ្ញាធរមានសមត្ថកិច្ចចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិ។
៤. កង្វះខាតភាពច្បាស់លាស់ប្រភេទដីមិនដឹងថាដីណាជាប្រភេទដីឯកជនរបស់រដ្ឋ ដីណាជាប្រភេទដីសាធារណៈរបស់រដ្ឋ ដីណាជាដីជម្រកព្រៃឈើ បញ្ហានេះ ត្រូវបានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ [ក្រសួងរៀបចំដែនដី (ដនស)] កំពុងតែរៀបចំចំណាត់ថ្នាក់នៃប្រភេទដី។
៥. មន្ត្រីខិលខូចមួយក្តាប់តូចដែលឆ្លៀតឱកាសធ្វើបាបប្រជាពលរដ្ឋទន់ខ្សោយតាមរយ:ការប្រើប្រាស់អំណាច តួនាទីរបស់ខ្លួន។
តើអ្វីទៅជាអចលនវត្ថុ? និងបុគ្គលណាខ្លះអាចក្លាយជាម្ចាស់លើអចលនវត្ថុ? ក្នុងករណីមានវិវាទកើតទ្បើងតើស្ថាប័នណាខ្លះមានសមត្ថកិច្ច? ផ្សាភ្ជាប់នឹងសំនួរទាំងនេះ សូមលើកមូលដ្ឋានច្បាប់ដូចខាងក្រោម ៖
ផ្អែកតាមក្រមរដ្ឋប្បវេណីកម្ពុជាឆ្នាំ២០០៧ ត្រង់មាត្រា១២០ ក៏បានកំណត់ពីអត្ថន័យអចលនវត្ថុថា អចលនវត្ថុគឺ សំដៅលើដី និងវត្ថុជាប់ដីដែលមិនអាចបំលាស់ទីបានជាអាទិ៍ សំណង់ អាគារ ដើមឈើ ជាដើម។ ចំណែកឯ ច្បាប់ភូមិបាលឆ្នាំ២០០១ ត្រង់មាត្រា២ បានកំណត់អំពីប្រភេទនៃអចលនវត្ថុថាមានបីប្រភេទគឺ ១. អចលនវត្ថុពីកំណើត ២. អចលនវត្ថុតាមភព្វវាសនា និង៣. អចលនវត្តុតាមការកំណត់ដោយច្បាប់។
រដ្ឋធម្មនុញ្ញកម្ពុជាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ត្រង់មាត្រា៤៤ ក៏បានចែងច្បាស់ដែរថា ជនណាក៏ដោយទោះជាបុគ្គលក្តី ជាសមូហភាពក្តីមានសិទ្ធិជាម្ចាស់កម្មសិទ្ធិ។ មានតែរូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ កម្មសិទ្ធិឯកជន ស្របច្បាប់ស្ថិតនៅក្រោមការគាំពារនៃច្បាប់។ ដែលនឹងដកហូតកម្មសិទ្ធិពីជនណាមួយនោះ លុះត្រាតែប្រយោជន៍សាធារណៈតម្រូវក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្តល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។ មាត្រា ១២៨ ថ្មី ក៏បានចែងអំពីអំណាចតុលាការដែរថា អំណាចតុលាការជាអំណាចឯករាជ្យ។ អំណាចតុលាការធានារក្សាអនាគតិ និងការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។ អំណាចតុលាការគ្របដណ្តប់លើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផង។ អំណាចនេះត្រូវប្រគល់ឱ្យតុលាការកំពូល និងសាលាជម្រះក្តីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់។
អនុក្រឹត្យលេខ៤៦ ស្តីពី នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីឆ្នាំ២០០២ និងអនុក្រឹត្យលេខ៤៧ ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការសុរិយោដី និងប្រកាសរួមក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី(ដនស) ស្តីពី ការកំណត់សមត្ថកិច្ចរបស់តុលាការ និងគណៈកម្មការសុរិយោដីទាក់ទងនឹងទំនាស់ដីធ្លីចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣។
ពេលមានទំនាស់ដីធ្លីមួយកើតមាន តើមានយន្តការណាខ្លះសម្រាប់ដោះស្រាយវិវាទដីធ្លីនេះ?
ឆ្លើយតបនឹងសំនួរខាងលើ សូមលើកយកយន្តការដោះស្រាយវិវាទដីធ្លីចំនួនពីរគឺ ក. ការដោះស្រាយក្រៅប្រព័ន្ធតុលាការ និង ខ. ការដោះស្រាយក្នុងប្រព័ន្ធតុលាការ មកបង្ហាញជូនដូចខាងក្រោមនេះ ៖
ក. យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ រួមមាន០៦ (ប្រាំមួយ) កន្លែងផ្សេងគ្នាគឺ ១. ក្រុមប្រឹក្សាឃុំ ឬ សង្កាត់ ២. គណៈកម្មការសុរិយោដី ៣. គណៈកម្មការរដ្ឋបាល ៤. អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី[(អាជ្ញាធរជាតិ(អជដ)] ៥. គណៈកម្មការពិសេស និង ៦. ផ្សេងៗតាមតម្រូវការចាំបាច់។
១. ក្រុមប្រឹក្សាឃុំ ឬ សង្កាត់ មានភារកិច្ចទទួលពាក្យបណ្តឹងលើបញ្ហាដីធ្លី ប្រមូលគំនិតយោបល់ពីគ្រប់គូភាគីទំនាស់។ ប៉ុន្តែគ្មានសិទ្ធិអំណាចធ្វើសេចក្តីសម្រេច ដោយគ្រាន់តែសម្របសម្រួល ផ្នែកលើការយោគយល់គ្នា គ្មានអំណាចចាប់បង្ខំ។ ករណីគូភាគីទំនាស់ មិនព្រមព្រៀងទទួលយកការសម្របសម្រួលទេ ត្រូវបញ្ជួនទំនាស់នេះបន្តទៅគណ:កម្មការសុរិយោដីថ្នាក់ក្រុង ថ្នាក់ស្រុក ឬ ថ្នាក់ខណ្ឌ។
២. គណ:កម្មការសុរិយោដីដោះស្រាយវិវាទទាក់ទងនឹងអលចវត្ថុដែលមិនទាន់បានចុះបញ្ជីសុរិយោដី។ ប្រកាសរួមក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី(ដនស) ស្តីពី ការកំណត់សមត្ថកិច្ចរបស់តុលាការ និងគណ:កម្មការសុរិយោដីទាក់ទងនឹងទំនាស់ដីធ្លីចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣។ គណៈកម្មការនេះ មានពីរគឺ គណ:កម្មការថ្នាក់ជាតិ និងគណ:កម្មការថ្នាក់ក្រោមជាតិ។
គណ:កម្មការសុរិយោដីថ្នាក់ក្រោមជាតិរួមមាន៖ គណ:កម្មការសុរិយោដីថ្នាក់ស្រុក ថ្នាក់ខណ្ឌ ថ្នាក់ក្រុង និងគណ:កម្មការសុរិយោដីថ្នាក់ខេត្ត ឫ ថ្នាក់រាជធានី។
គណ:កម្មការសុរិយោដីថ្នាក់ស្រុក ថ្នាក់ខណ្ឌ ឬ ថ្នាក់ក្រុង មានភារកិច្ចទទួលពាក្យបណ្តឹងផ្ទាល់ ឬ បញ្ជួនមកពីថ្នាក់ឃុំ ឬ សង្កាត់។ បន្ទាប់ពីទទួលពាក្យបណ្តឹង ត្រូវចុះសិក្សា ស្រាវជ្រាវ ស្វែងរកការពិត ដោយមានសិទ្ធិប្រើអំណាចសារធារណ: ដូចជា ហាមឃាត់ធ្វើសកម្មភាពណាមួយលើដីទំនាស់។ គណ:កម្មការនេះ មានសមត្ថកិច្ចផ្តល់ការគាំទ្រ ការផ្សះផ្សា សម្របសម្រួល តែគ្មានអំណាចចាប់បង្ខំទេ។ ករណីគូភាគីទំនាស់ មិនព្រមព្រៀង គ្នាត្រូវបញ្ជួនសំណុំរឿងនេះទៅគណ:កម្មការថ្នាក់ខេត្ត ឬ ថ្នាក់រាជធានី បន្តនីតិវិធីដោះស្រាយ។
គណ:កម្មការសុរិយោដីថ្នាក់ខេត្ត ឬ ថ្នាក់រាជធានី មានភារកិច្ចទទួលពាក្យបណ្តឹងផ្ទាល់ពីភាគីទំនាស់ ឬ បញ្ជួនមកពីគណ:កម្មការថ្នាក់ស្រុក ថ្នាក់ខណ្ឌ ឬ ថ្នាក់ក្រុង។ គណ:កម្មការនេះ នឹងចុះសិក្សា ស្រាវជ្រាវ ស្វែងរកការពិត។ នៅឆ្នាំ២០០៩ គណ:កម្មការសុរិយោដីខេត្ត ឬ ថ្នាក់រាជធានី ទទួលបានប្រតិភូអំណាចដោយមានសិទ្ធិចេញសេចក្តីសម្រេចលើទំនាស់ដីធ្លី។ ករណីគូភាគីទំនាស់ មិនព្រមព្រៀងទទួលយកតាមសេចក្តីសម្រេចរបស់គណ:កម្មការទេ សំណុំរឿងទំនាស់នេះ ត្រូវបញ្ជួនទៅថ្នាក់លើបន្តទៀតគឺ បញ្ជួនទៅក្រសួងរៀបចំដែនដី (ដនស)។
គណ:កម្មការសុរិយោដីថ្នាក់ជាតិមានភារកិច្ចទទួលពាក្យបណ្តឹងផ្ទាល់ពីភាគីទំនាស់ដីធ្លី ឬ បញ្ជួនមកពីគណ:កម្មការសុរិយោដីថ្នាក់ខេត្ត ឬ ថ្នាក់រាជធានី។ គណ:កម្មការនេះ នឹងរៀបចំក្រុមការងារចុះសិក្សា ស្រាវជ្រាវ ស្វែងរកការពិត ដោយមានសិទ្ធិក្នុងការប្រើអំណាចសារធារណ:ហាមឃាត់រាល់ការធ្វើសកម្មភាពណាមួយលដីទំនាស់។ គណ:កម្មការនេះមានសិទ្ធិស្នើសុំទៅនាយករដ្ឋមន្ត្រី ដើម្បីចេញសេចក្តីសម្រេច ក្រោមរូបភាពជា ស ជណ។ ករណីគូភាគីទំនាស់ មិនព្រមព្រៀង ភាគីអាចប្តឹងទៅ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឬ ទៅស្ថាប័នតុលាការបន្តទៀតបាន។
៣. គណ:កម្មការរដ្ឋបាលដោះស្រាយទំនាស់ដីធ្លីក្នុងអំទ្បុងពេលចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ។ គណ:កម្មការនេះ មានតួនាទីផ្សះផ្សា សម្របសម្រួល ដោយគ្មានអំណាចចាប់បង្ខំ។ ករណីភាគីទំនាស់ មិនព្រមព្រៀងត្រូវបញ្ជួនសំណុំរឿងនេះទៅថ្នាក់លើគឺ ក្រសួងរៀបចំដែនដី(ដនស)។
៤. អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីជាស្ថាប័នមួយត្រូវបានបង្កើតនៅឆ្នាំ២០០៦ មានភារកិច្ចទទួលពាក្យបណ្តឹងផ្ទាល់ពីភាគីទំនាស់ដីធ្លី ឬ តាមការបញ្ជួនពី គណៈកម្មការសុរិយោដីថ្នាក់ក្រោមជាតិ ឬ ថ្នាក់ជាតិ[ក្រសួងរៀបចំដែនដី (ដនស)] ឬ ក្រសួងផ្សេងទៀត។ អាជ្ញាធរជាតិ នឹងរៀបចំក្រុមការងារចុះសិក្សា ស្រាវជ្រាវ ស្វែងរកការពិត ដោយប្រើកំលាំងសាធារណ:។ អាជ្ញាធរជាតិ មានសិទ្ធិធ្វើសវនកម្មលើករណីទំនាស់ដីធ្លីនានាទូទាំងប្រទេស។ ក្រោយពីបានសិក្សាចប់សព្វគ្រប់ អាជ្ញាធរជាតិ ធ្វើរបាយការណ៍ដាក់ជូននាយករដ្ឋមន្ត្រី ដើម្បីស្នើសុំសេចក្តីសម្រេចក្រោមរូបភាពជា សជណ។ ករណីភាគីទំនាស់ មិនព្រមព្រៀងលើសេចក្តីសម្រេចអាជ្ញាធរជាតិ ភាគីអាចបន្តប្តឹងទៅស្ថាប័នតុលាការ។
៥. គណៈកម្មការពិសេស ត្រូវបានបង្កើតក្នុងក្របខណ្ឌពិសេស ឧទាហរណ៍ ក្រុមការងារដោះស្រាយវិវាទដីធ្លី របស់នាយករដ្ឋមន្ត្រី។ គណ:កម្មការនេះមានតួនាទី ផ្សះផ្សា សម្របសម្រួល តាមដាន អង្កេត បញ្ហាវិវាទ ដើម្បីរាយការណ៍ជូននាយករដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី(ដនស) និងឬ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី[អាជ្ញាធរជាតិ(អជដ)]។
៦. ក្រសួងផ្សេងៗទៀតក៏មានសិទ្ធិស្នើសុំសេចក្តីសម្រេចពីនាយករដ្ឋមន្ត្រីផងដែរ ក្នុងករណីមានពាក្យបណ្តឹងចូលមក ដូចជា ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងការពារជាតិ។ រីឯ រដ្ឋសភា ព្រឹទ្ធសភា ទទួលបណ្តឹងទំនាស់ដីធ្លីផងដែរ ប៉ុន្តែបង្វែរបណ្តឹងនោះទៅរាជរដ្ឋាភិបាលដោះស្រាយវិញ។
ខ. ការដោះស្រាយទំនាស់ដីធ្លីក្នុងប្រព័ន្ធតុលាការ ជាគោលការណ៍តុលាការដោះស្រាយតែដីបានចុះបញ្ជី និងដីដែលបានផ្តល់ប័ណ្ណកម្មសិទ្ធិរួចហើយ (ដីមានប័ណ្ណអាចជាប្រភេទដីមានប័ណ្ណកម្មសិទ្ធិ ឬ ដីមានប័ណ្ណភោគ:)។ ទោះបីលក្ខខណ្ឌនេះជាលក្ខខណ្ឌដាច់ខាតមួយក៏ដោយក៏តុលាការនៅតែមានសមត្ថកិច្ចដោះស្រាយលើដីទំនាស់មិនបានចុះបញ្ជីដែលភាគីទំនាស់មិនព្រមទទួលយកតាមសេចក្តីសម្រេចរបស់គណ:កម្មការសុរិយោដី ឬ អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។
សូមបញ្ជាក់ផងថា តុលាការកម្ពុជាបច្ចុប្បន្ន មានបីថ្នាក់ និងពីរជាន់ គឺ សាលាដំបូង សាលាឧទ្ទរណ៍ និងតុលការកំពូល។ ចំពោះសេចក្តីសម្រេចរបស់តុលាការរួមមាន សាលក្រម ឬ សាលដីកា បើចូលជាស្ថាពរួចហើយគឺ បិទផ្លូវតវ៉ាតែម្តង លើកលែង មូលហេតុនាំឱ្យមានការជំនុំជម្រះសាជាថ្មី៕