ក្នុងសារជាសំឡេងនៅយប់ថ្ងៃទី១៧ កុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចជាផ្លូវការអនុញ្ញាតឱ្យកុមារ ដែលមានអាយុចន្លោះពី៣ឆ្នាំទៅ៥ឆ្នាំ អាចទទួលការចាក់វ៉ាក់សាំងកូវីដ១៩ដូសមូលដ្ឋានបាន ស្របពេលដែលកំណើននៃការរកឃើញនៃការឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង បានកើតឡើងកុមារកម្ពុជាអាយុក្រោម៥ឆ្នាំ មានជាង២០ភាគរយហើយនោះ។
សម្រាប់សម្តេចនាយករដ្ឋមន្ត្រី គ្មានជម្រើសណាល្អជាងការចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ សម្រាប់កុមារអាយុក្រោម៥ឆ្នាំ គឺពី៣ឆ្នាំទៅដល់ក្រោម៥ឆ្នាំនោះទេ ក្នុងស្ថានភាពពេលបច្ចុប្បន្ននេះ។ សម្តេច ថា ការផ្តល់វ៉ាក់សាំងនេះគឺជាមានភាពចាំបាច់ក្នុងការការពារកុមារកុំឱ្យឆ្លងនូវមេរោគបំប្លែងថ្មីអូមីក្រុង គឺកូវីដ១៩នេះឯង។
ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវឱ្យអាណាព្យាបាលទាំងអស់នាំកូនចៅរបស់ខ្លួន ដែលមានអាយុចាប់ពី៣ឆ្នាំ ដល់៥ឆ្នាំនេះ ទៅទទួលការចាក់វ៉ាក់សាំងដែលបានរៀបចំដោយផ្នែកសុខាភិបាលនៅតាមមូលដ្ឋានរបស់ខ្លួន ដោយក្នុងនោះសម្តេច បានណែនាំឱ្យគ្រប់ភាគីពាក់ព័ន្ធដែលទទួលខុសត្រូវលើការងារចាក់វ៉ាក់សាំងនេះ ខិតខំសម្របសម្រួលចាក់វ៉ាក់សាំងដល់ កុមារអាយុពី៣ឆ្នាំទៅ៥ឆ្នាំនេះ ឱ្យបានលឿន និងមានសុវត្ថិភាពជាទីបំផុត។
ជាមួយនឹងការទទួលការចាក់វ៉ាក់សាំងនេះ សម្តេចនាយករដ្ឋសង្ឃឹមថា កុមារកម្ពុជា នឹងជៀសផុតពីគ្រោះមហន្តរាយនៃបញ្ហាសុខភាពនេះ។ សម្តេច បានសង្កត់ធ្ងន់ថា វ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុត ដើម្បីធានាថា ពួកគេគឺទទួលភាពស៊ាំ ហើយនឹងមិនមានការឆ្លងជំងឺមួយនេះ។ ក្នុងករណីមានការឆ្លងក៏វាមិននាំទៅដល់ភាពធ្ងន់ធ្ងររហូតអន្តរាយដល់អាយុជីវិតផងដែរ៕