កម្ពុជាតាមរយៈក្រសួងការបរទេសរបស់ខ្លួន បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលទាំងស្រុងនូវរបាយការណ៍គ្មានមូលដ្ឋាន ដែលបានចុះផ្សាយក្នុង NK NEWS កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលចោទប្រកាន់មកកម្ពុជាថា ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី១៧ កុម្ភៈនេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានអនុវត្តស្របតាមគ្រប់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC) ទាំងអស់រួចរាល់ហើយ។ ក្នុងនោះការបិទគ្រប់អាជីវកម្ម និងគណនីធនាគាររបស់កូរ៉េខាងជើងនៅកម្ពុជា និងបញ្ឈប់ការផ្តល់ប័ណ្ណការងារដល់កម្មករមកពី កូរ៉េខាងជើងផងដែរ។
ក្រសួង បានបន្តថា ទន្ទឹមនឹងគ្នានេះកាលពីថ្ងៃ២០ ខែមករា ឆ្នាំ២០២០ កម្ពុជាក៏បានបញ្ជូនរបាយការណ៍ជាតិរបស់កម្ពុជាអំពីការអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ទៅកាន់ប្រធានគណៈកម្មាធិការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរួចហើយផងដែរ។
“ក្នុងនាមជាសមាជិកមួយរូបរបស់អង្គការសហប្រជាជាតិដែលមានការទទួលខុសត្រូវ កម្ពុជាបានបំពេញទាំងស្រុងនូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអនុវត្តយ៉ាងស្មោះត្រង់នូវសេចក្តីសម្រេចរបស់ UNSC ស្តីពីការដាក់ទណ្ឌកម្មលើ ស.ប.ប.ក (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ)”។ នេះបើតាមការលើកឡើងរបស់របស់ក្រសួងការបរទេស។
ក្រសួង បានសង្កត់ធ្ងន់ថា “កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរម៉ឺងម៉ាត់របស់ខ្លួនចំពោះការគាំទ្រការមិនរីករាយភាយអាវុធមហាប្រល័យ ដើម្បីឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវអាវុធទាំងនេះ”៕