លោក ហ៊ុន ម៉ានិត ចុះហត្ថលេខា​ដក​លោក ឌួង ឆាយ ចេញពី​អនុប្រធាន​ក្រុមការងារ​បក្ស​ចុះ​មូលដ្ឋាន​ឃុំ​បុសខ្នុរ

លោក ហ៊ុន ម៉ានិត ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ ខេត្តកំពង់ចាម បាន​ចុះហត្ថលេខា​ដក​លោក ឌួង ឆាយ ចេញពី​អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម ចាប់ពី​ថ្ងៃទី​១៧ កុម្ភៈ​នេះ​តទៅ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១៧ កុម្ភៈ របស់​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ​។​

​លោក ហ៊ុន ម៉ានិត បាន​សរសេរ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់លោក​ភ្ជាប់​ជាមួយ​សេចក្តីសម្រេច​របស់លោក​នៅថ្ងៃនេះ​ថា “​ក្នុងនាម​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​មូលដ្ឋាន​ស្រុក​ចំការលើ ខេត្តកំពង់ចាម ខ្ញុំ​សម្រេច​បញ្ចប់​តួនាទី​លោក ឌួង ឆាយ ពី​អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​បុសខ្នុរ​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​”​។​

ជាមួយ​នឹង​ការប្រកាស​ដក​លោក ឌួង ឆាយ ចេញពី​តួនាទី​ការងារ​ចុះ​មូលដ្ឋាន​របស់​គណបក្ស​។ លោក ហ៊ុន ម៉ានិត មិនបាន​បញ្ជាក់​អំពី​មូលហេតុ​នៃ​ការសម្រេច​របស់លោក​ក្នុង​រឿងនេះ​ទេ​។ តែ​ទោះបីជា​យ៉ាងណា​ក៏ដោយចុះ ការសម្រេច​របស់លោក​បែបនេះ គឺ​ត្រូវបាន​គេ​ឃើញថា​ធ្វើឡើង​បន្ទាប់ពី​លោក ឌួង ឆាយ កាលពី​យប់​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២២ បានធ្វើការ​ឡាយ​វីដេអូ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក​និយាយ​រឿងរ៉ាវ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទៃក្នុង​គ្រួសារ​លោក ដែល​ទាក់ទាញ​ឱ្យមាន​អ្នក​ចូល​មើល​ជាច្រើន​នាក់​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ​៕​