ភ្នំពេញ៖ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យលោក ស ថេត អគ្គស្នងការនគរបាលជាតិ ពិនិត្យស្រាវជ្រាវជុំវិញការតែងតាំងមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ និងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារ។ សម្តេច បានឱ្យលោក ស ថេត ស្រាវជ្រាវករណីនេះជាមួយលោក ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំជាបន្ទាន់។
យោងតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវរបស់សម្តេចធិបតីនៅថ្ងៃទី១០ កញ្ញានេះ សម្តេច បានបញ្ជាក់ច្បាស់ថា ក្នុងករណីខាងលើនេះវាជាការពិតមែននោះ គឺត្រូវធ្វើការកែសម្រួលភ្លាម។
ពាក់ព័ន្ធនឹងករណីខាងលើនេះ សម្តេច បានណែនាំឱ្យមានការត្រួតពិនិត្យនិងវាយតម្លៃឱ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗឱ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្តាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ៕