ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យលោក នេត សាវឿន ពិនិត្យជុំវិញការយកតម្លៃក្រៅផ្លូវការពីបងប្អូនពលករដែលឆ្លងកាត់ព្រំដែនដែលពួកគាត់កំពុងប្រឈម ដោយធ្វើយ៉ាងណាត្រូវរកវិធីក្នុងការដោះស្រាយបញ្ហានេះកុំឱ្យបងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់មានការលំបាកបន្តទៀត។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនៅព្រឹកថ្ងៃទី៩ កញ្ញានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនោះត្រូវធ្វើការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តជាប់ព្រំដែន ដើម្បីធ្វើយ៉ាងណាជួយរកដំណោះស្រាយណាមួយ ជួយសម្រួលដល់ការឆ្លងកាត់របស់បងប្អូនពលករ ដើម្បីកុំឱ្យមានការប្រឈមនឹងការលំបាកលើតម្លៃនៅពេលដែលឆ្លងកាត់ព្រំដែននីមួយៗ។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត កន្លងទៅនេះ កងកម្លាំងគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ត្រីពាក់ព័ន្ធទាំងអស់ បានខិតខំធ្វើការងារជាច្រើន។ តែទោះបីយ៉ាងណាក៏នៅមានការងារមួយចំនួន ជាពិសេសរឿងពាក់ព័ន្ធនឹងតម្លៃប្រជាពលរដ្ឋឆ្លងកាត់ព្រំដែននេះ ដែលសម្តេចសុំឱ្យធ្វើយ៉ាងណារកដំណោះស្រាយមួយឱ្យមានចេរភាពតែម្តង ធ្វើយ៉ាងណាកុំធ្វើការដោះស្រាយនៅពេលដែលសម្តេចស្រែក ប៉ុន្តែត្រូវធ្វើយ៉ាងណាខិតខំដោះស្រាយជួយដល់ពលករ ដែលធ្វើដំណើរទៅធ្វើការនៅក្រៅប្រទេសភាពងាយស្រួល៕