បុរសម្នាក់កាប់ឬស្សីធ្លាក់ចូលអូរ បុកប៉ះគ្រាប់មីន បណ្តាលឲ្យផ្ទុះរងរបួសធ្ងន់

បាត់ដំបង៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចខាងលិចល្អាងភ្នំបាដាក ស្ថិតក្នុងភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីផ្ទុះគ្រាប់មីនបណ្តាលអោយមនុស្សម្នាក់ឲ្យរងរបួសធ្ងន់ ។

លោក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាក់ បូរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បណ្តាលអោយរងរបួសភ្លៅខាងស្តាំ និងដងខ្លួន។ តាមសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះបានទៅកាប់ឬស្សីនៅចំណុចកើតហេតុខាងលើរួចបានបោះឬស្សីឆ្លងអូរ បណ្តាលឲ្យឬស្សីធ្លាក់ចូលអូរបុកប៉ះគ្រាប់មីនទើបបណ្តាលឲ្យផ្ទុះរងរបួសតែម្តង។

ក្រោយទទួលដំណឹង កម្លាំងអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះធ្វើការត្រួតពិនិត្យនិងដឹកបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីសម្រាកព្យាបាល៕