គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ បានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា នៃកម្ពុជា ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ ដោយក្នុងនោះក៏មានការកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះផងដែរ។

កិច្ចប្រជុំនៅ ទី២៩ ខែសីហា ឆ្នាំ២០២៣ ផ្តោតលើ របៀបវារៈទាំង៤ដែលអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលើកយកមកធ្វើការពិភាក្សា និងអនុម័ត ទទួលបាននូវលទ្ធផលដូចខាងក្រោម៖

១ អង្គប្រជុំបានអនុម័តឯកភាព លើសំណើសុំផ្លាស់ប្តូរតំណាងរាស្ត្រ នៃគណបក្សប្រជាជនកម្ពុជាចំនួន ២៩រូប តាមសំណើរបស់គណបក្សប្រជាជនកម្ពុជា។ ការប្រកាសសុពលភាពនៃអាណត្តិបេក្ខជនទំាង២៩រូប នឹងធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភានាពេលខាងមុខនេះ។

២- អង្គប្រជុំបានអនុម័តលើរបាយការណ៍ ស្តីពីលទ្ធផលនៃការទទួលពាក្យសុំឈរឈ្មោះជាបេក្ខជនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចំនួន១រូប សម្រាប់ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧។

៣- អង្គប្រជុំបានអនុម័តយល់ព្រមលើសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ចំនួន៣រូប ដែលមានរាយនាមដូចតទៅ៖ លោក ឃុត ចាន់ដារ៉ា អាយុ ៤២ឆ្នាំ លោក ម៉ាត់ សេត អាយុ ៤២ឆ្នាំ និងលោក សេង ញ៉ក់ អាយុ ៤៣ឆ្នាំ។

៤- អង្គប្រជុំបានអនុម័តយល់ព្រមលើកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨:០០ព្រឹក ដែលមានរបៀបវារៈដូចខាងក្រោម៖
៤-១. ការសម្រេចអំពីសុពលភាពនៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ចំនួន ២៩រូប ជំនួសតំណាងរាស្ត្រដែលបានសុំលាលែង។
៤-២. ការបោះឆ្នោតជ្រើសតាំងឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស ឯកឧត្តម សំ ព្រហ្មនា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានទទួលមរណភាព ជ្រើសតាំងដោយរដ្ឋសភា នីតិកាលទី៧៕