អាជ្ញាធរក្រុងប៉ោយប៉ែតប្រើធម៌ក្តៅ ចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាប អបសងខាងផ្លូវជាតិលេខ៥

បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ប្រើធម៌ក្តៅ ចុះរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាប អបសងខាងផ្លូវជាតិលេខ៥ បន្ទាប់ពីជូនដំណឹងរួចហើយ តែពលរដ្ឋ មិនអើពើក្នុងការអនុវត្ត ។

រដ្ឋបាលក្រុងប៉ោយប៉ែត ឱ្យដឹងថា លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំអភិបាលរង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សង្កាត់ ភូមិ ដោយមានការចូលរួមពីលោក លឹម ប៊ុនសុភ័ក្ត្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាប អបសងខាងផ្លូវជាតិលេខ៥ ពីចំណុចរង្វង់មូលប៉ោយប៉ែត(រូបសំណាកតារាជ្យ) រហូតដល់ចំនុចផ្សារផ្សារកណ្តាល មានទទឹង៥ម៉ែត្រពីចិញ្ចើមផ្លូវ។

បើតាមរដ្ឋបាលក្រុងប៉ោយប៉ែត មិនថាការរៀបចំសណ្តាប់ធ្នាប់ និងកាត់សំយាបនេះ រដ្ឋបាលក្រុង បានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យរុះរើដោយស្ម័គ្រចិត្ត រួមទាំងចុះបាញ់ថ្នាំក្រហម ដើម្បីឱ្យធ្វើការរុះរើ ជាច្រើនលើកច្រើនសាររួចមកហើយ។

បន្ទាប់ពីការចុះរៀបចំសណ្តាប់ធ្នាប់នៅសងខាងផ្លូវជាតិលេខ៥ រួច ក្រុមការងារនឹងធ្វើការរៀបចំសណ្តាប់ធ្នាប់នៅផ្លូវក្នុងទីប្រជុំជនគ្រប់ផ្លូវផ្សេងទៀតដោយមិនរាថយផងដែរ រហូតដល់គ្រប់ផែនការដែលរដ្ឋបាលក្រុងបានគ្រោងទុក។

រដ្ឋបាលក្រុងបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមទាំងអស់គ្នា ដើម្បីក្រុងរបស់យើងមានសោភ័ណភាព សក្កិសមជាក្រុងមួយកំពុងមានការរីកចម្រើន៕