លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាសពង្រឹងវិស័យសុខាភិបាល នៅតាមជនបទ

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា បានប្រកាសពង្រឹងវិស័យសុខាភិបាល នៅតាមជនបទ ដើម្បីកុំឱ្យប្រជាពលរដ្ឋដែលមានជំងឺ ឬមានបញ្ហាសុខភាព មិនពិបាកធ្វើដំណើរមកកាន់រាជធានីភ្នំពេញ។

នៅក្នុងពិធី ចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យដឹងថា លោកបានពិភាក្សាជាមួយលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួចហើយ ពីករណីនេះ ដើម្បីធ្វើយ៉ាងណាឱ្យមានសម្ភារៈ និងថ្នាំសង្កូវគ្រប់គ្រប់គ្រាន់។

ទោះជាយ៉ាងណា លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា ការដោះស្រាយបញ្ហាសេវាសុភាពនៅតាមជនបទនេះ គឺផ្អែកទៅលើលទ្ធភាពដែលរដ្ឋាភិបាលអាចធ្វើបាន។ ជាមួយគ្នានេះ លោក បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងនូវគោលនយោបាយដែលបានដាក់ចេញសម្រាប់អាណត្តិទី ៧ នេះនៃរាជរដ្ឋាភិបាលថ្មី សម្រាប់កំណើន ប្រកបដោយនិរន្តភាព៕