ទើបឡើងរដ្ឋមន្ត្រីក្រសួងថ្មីៗ លោក នេត្រ ភក្ត្រា នឹងចំណាយពេលវេលា ដើម្បីធ្វើការបង្រៀនមន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មាន

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ឆ្លៀតពេលចុងសប្តាហ៍ លោក នឹងចំណាយពេលវេលា ដើម្បីធ្វើការបង្រៀនប្អូនៗ មន្ត្រីនាយកដ្ឋានព័ត៌មាន ពីរបៀបសរសេរព័ត៌មានប្រកបដោយគុណភាព សំខាន់ ខ្លី ខ្លឹម និងខ្លាំង។

ការថ្លែងរបស់លោក នេត្រ ភក្ត្រា ធ្វើឡើង នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា បានសម្តែងការកោតសរសើរចំពោះ មន្ត្រីរាជការនាយកដ្ឋានព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញការងារ តាមតួនាទីរៀងៗខ្លួនៗ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោក នេត្រ ភក្ត្រា គឺជាអតីតអ្នកយកព័ត៌មាន ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងចំណោមរដ្ឋមន្ត្រីផ្សេងទៀត កាលពេលថ្មីៗនេះ ក្នុងអាណត្តិរាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំដោយ លោក បណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រី៕