កងទ័ពកម្ពុជា-ថៃ ដាំដើមឈើ ក្នុងពិធីដាំដើមឈើអាស៊ានតាមបន្ទាត់ព្រំដែននៅក្នុងស្រុកខ្លងហាត

ខេត្តស្រះកែវ៖ លោក សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ (កម្ពុជា) និង លោក ផាក់ណា ខ្លែវប្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ (ថៃ) ជាសហប្រធាន ដាំដើមឈើ ក្នុងពិធីដាំដើមឈើអាស៊ាន ប្រចាំឆ្នាំ២០២៣ នៅទីធ្លាសាធារណៈចំណុចកណ្តាលរបស់ភូមិខៅចុងខាប ក្រុមទី១២ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ។

នៅក្នុងពិធីដាំដើមឈើ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ សេង ធារិន បានថ្លែងថា ពិធីដាំដើមឈើអាស៊ាន តាមបន្ទាត់ព្រំដែននៅក្នុងគម្រោងការពារព្រៃឈើអាស៊ាន ប្រចាំឆ្នាំ២០២៣ គឺដើម្បីជាការរអភិរក្សធនធានព្រៃឈើធម្មជាតិ ឲ្យមានចីរភាព ក៏ដូចជាការតភ្ជាប់ព្រៃឈើរបស់ ព្រះរាជាណាចក្រថៃ ជាមួយព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយទៅជាព្រៃឈើតែមួយជាមួយគ្នា។

លោកបន្តទៀតថាការដាំដើមឈើរួមគ្នា គឺជាសក្ខីភាពមួយបង្ហាញនូវការវិវឌ្ឍន៍ ជាវិជ្ជមានក្នុងភាពជាដៃគូ និងចំណងមិត្តភាពដ៏ល្អប្រពៃណីរវាងប្រទេសយើងទាំងពីរ ស្របតាមមាគ៌ាជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏ដូចជាតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់ភូមិភាគកម្ពុជា-ថៃ លើកទី២៩ កន្លងមកថ្មីៗនេះ ការដាំដើមឈើអាស៊ានតាមបន្ទាត់ព្រំដែន។

លោកថ្លែងថា៖ « នេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតនូវការការពារ ជីវិតមនុស្ស ជីវិតសត្វ និងបង្កើតនូវអេកូឡូហ្សី ព្រមទាំងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិផ្សេងៗដែលកើតនៅតាមបរិវេណព្រំដែនរបស់ប្រទេសទាំងពីរ ក៍ដូចជាការឆ្លើយតបទៅនឹងកាប្រឈមជាមួយគ្រោះមហន្តរាយដោយការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះ»៕