លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសដាក់ចេញ យុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ចេញនូវ នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ សម្រាប់រយៈពេល៥ ឆ្នាំដំបូងដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពនិងដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា។

នៅក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមក និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ ២៥ ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០, រាជរដ្ឋាភិបាលដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ។

លោកបណ្ឌិតបានបន្តថា ៖«ជារួម, យុទ្ធសាស្ត្របញ្ចកោណ គឺជាយុទ្ធសាស្ត្រសម្លឹងទៅមុខ សម្រាប់រយៈពេល ២៥ ឆ្នាំ ដែលត្រូវបានគិតគូរដាក់ចេញ និងអនុវត្តជា ៥ ដំណាក់កាលបន្តបន្ទាប់ និងត្រូវបានតម្រង់ និងសម្របសម្រួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នៃនីតិកាលនីមួយៗ នៃរដ្ឋសភា។ ដំណាក់កាលនីមួយៗ នឹងត្រូវបានកែសម្រួល ដោយផ្អែកលើបរិការណ៍ជាក់ស្តែង នៅក្នុងប្រទេស, តំបន់ និងពិភពលោក ព្រមទាំងបទពិសោធន៍នៃការអនុវត្តពីដំណាក់កាលមុនៗ ដោយសម្លឹងទៅមុខ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅនៃការកសាងជាតិស្របតាមចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។

បើតាមលោក បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងក្របខណ្ឌនៃការគិតគូរជារួមខាងលើ, សម្រាប់រយៈពេល ៥ ឆ្នាំដំបូង ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយយោងលើភាពចាំបាច់ជាក់ស្ដែង នៅក្នុងទិដ្ឋភាពសំខាន់ៗ

ជាសង្ខេប នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១នៃរបស់រាជរដ្ឋាភិបាលសម្រាប់អាណត្តិទី ៧ នៃរដ្ឋសភា មានបាវចនា ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។

នៅក្នុងយុទ្ធសាស្ត្របញ្ចាកោណមាន គោលដៅយុទ្ធសាស្ត្រ រួមាន ៖ធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យកាន់បានតែច្រើន ,សម្រេចឱ្យបាននូវគោលដៅកាន់បន្ថយភាពក្រីក្រ, បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និង ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍនសង្គម-សេដ្ឋកិច្ច ។ និង អាទិភាពគន្លឹះ មាន៥ ក្នុងការអនុវត្ត គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕