សម្តេច ហ៊ុន សែន៖ ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់

ភ្នំពេញ៖ នៅលើបណ្តាញតេឡេក្រាម នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់ ។ការអះអាងរបស់សម្តេច ហ៊ុន សែន ធ្វើឡើងក្នុងគ្រាដែលគណៈរដ្ឋមន្ត្រីអាណត្តិទី ៧ ដឹកនាំដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត កំពុងបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួននៅវិមានសន្តិភាព។

សម្តេច ហ៊ុន សែន បានសរសេរថា៖ « ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់»។

ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បាន ជូនពរគណរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ៕