គ​.​ជ​.​ប ប្ដេជ្ញា​រៀបចំ​ការបោះឆ្នោត​ខាងមុខនេះ​ឱ្យសម្រេចបាន​ជោគជ័យ បើទោះបី​ជាមាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ក៏ដោយ​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បានប្រកាសថា ស្ថាប័ន​មួយ​នេះ​នឹង​ខិតខំ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខនេះ ឱ្យសម្រេចបាន​ជោគជ័យ​តាម​ការគ្រោងទុក បើទោះបីជា​ស្ថានការណ៍​បច្ចុប្បន្ន​កម្ពុជា​កំពុង​រង​នូវ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩​ក៏ដោយចុះ​។

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ​ចុះ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ គ​.​ជ​.​ប បាន​អះអាង​ថា “​បញ្ហា​ដែល​យើង​ព្រួយបារម្ភ​ទាំង​អស់​គ្នា គឺ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ ប៉ុន្តែ គ​.​ជ​.​ប ក៏​បាន​ត្រៀម​រួចហើយ​ដែរ ដែល​កិច្ចការ​នេះ​ត្រូវ​ធ្វើ​រួមគ្នា​ជាមួយ​ក្រសួងសុខាភិបាល អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បីឱ្យ​ការបោះឆ្នោត​នេះ​សម្រេច​បាន​ជោគជ័យ​”​។​

​ការប្រកាស​របស់ គ​.​ជ​.​ប នេះ បានធ្វើ​ឡើង​ស្រប​ពេល​ ដែល​មាន​ការ​បារម្ភ​ថា ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ខាងមុខនេះ អាច​នឹងមាន​ភាព​រាំង​ស្ទះ ឬ​មាន​ភាព​រអាក់រអួល​ស្រប​ពេល​ដែល​សន្ទុះ​នៃ​ការ​ឆ្លង​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង កំពុង​បាន​ផ្ទុះឡើង​និង​រក​ឃើញ​ជា​បន្តបន្ទាប់​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ​។​

​សូម​ជម្រាបជូន​ថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​០៥ ខែមិថុនា ឆ្នាំ​២០២២៕​