អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ចំពោះ​បាតុករ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ករណី​នៅតែ​បន្ត​ធ្វើ​បាតុកម្ម​ខុសច្បាប់

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រកាស​ថា វិធានការ​រដ្ឋបាល និង​ផ្លូវច្បាប់​នឹង​ធ្វើ​ឡើង​ដោយ​គ្មាន​ការលើកលែង​ឡើយ ក្នុងករណី​ដែល​បាតុកម្ម​ខុសច្បាប់​របស់​ក្រុម​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ នៅតែ​បន្តធ្វើ បើទោះបីជា​អាជ្ញាធរ​ បានធ្វើ​ការហាម​ឃាត់ ស្រប​ពេលដែល​ជំងឺ​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង បាន​នឹង​ក្នុង​រីក​រាលដាល​នៅក្នុង​សហគមន៍​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន នៅ​ថ្ងៃទី​១៥ កុម្ភៈ​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់ថា “​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ចូលក្នុង​សហគមន៍​កាន់តែ​ច្រើនឡើងៗ ក៏ដូចជា​ធានា​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ដាច់ខាត​ឱ្យមាន​ការប្រមូលផ្ដុំ​ធ្វើ​សកម្មភាព​បាតុកម្ម​ខុសច្បាប់ របស់​ក្រុម​អតីត​បុគ្គលិក និង​បុគ្គលិក ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ទៀតឡើយ​”​។​

“​ក្នុងករណី​រឹងរូស បន្តសកម្មភាព ខុសច្បាប់​ទៀត​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​”​។ នេះ​បើតាម​ការបញ្ជាក់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បន្ថែមថា ក្នុង​រយៈពេល​នៃ​ការធ្វើ​បាតុកម្ម​ខុសច្បាប់​របស់​ក្រុមបាតុករ​នេះ បាន​បង្ក​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ការកកស្ទះ​ចរាចរ ព្រមទាំង​បង្ក​ការរំខាន​ដល់​ការប្រកប​របរ​អាជីវ​កម្ម ប្រកបការងារ​ប្រចាំថ្ងៃ​របស់ បងប្អូន​ប្រជាពលរដ្ឋ នៅ​ជុំវិញ​តំបន់​ធ្វើបាតុកម្ម​ខុសច្បាប់ រហូតដល់​មាន​សំណូមពរ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ចាត់វិធានការ​ដើម្បី​ធានា​នូវ​ប្រក្រតីភាព​នៃ​ជីវភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​ឡើងវិញ​៕​