សម្តេច ហ៊ុន សែន ប្រកាស​លើក​ពេល​ជួប​សិស្ស​និទ្ទេសA ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​២៨ កុម្ភៈ ទៅ​ថ្ងៃក្រោយ​វិញ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាស​លើក​ពេល​ជួប​សិស្ស​និទ្ទេស A​ ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កាលពី​ថ្ងៃទី​២៧-២៨ ខែធ្នូ ឆ្នាំ​២០២១​កន្លងទៅនេះ ប្រមាណ ១.៧៥៣ នាក់ ទៅ​ថ្ងៃក្រោយ​វិញ ដោយសារតែ​កំណើន​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង កំពុង​រីក​រាលដាល​នៅ​រាជធានី​ភ្នំពេញ​។​

​យោងតាម​ផេ​ក​សម្តេច ហ៊ុន សែន ដែល​បាន​បង្ហោះ​នៅ​យប់​ថ្ងៃទី​១៤ កុម្ភៈ នេះ​បាន​បញ្ជាក់ថា “​ដោយសារ​កូ​វីដ​-១៩ មេរោគ​ប​ម្លែ​ង​ថ្មី​ឈ្មោះថា​អូ​មី​ក្រុង​បាន​នឹង​កំពុង​រីក​រាលដាល​នៅ​ទីក្រុង​ភ្នំពេញ​។​ដើម្បី​សុវត្ថិភាព​សម្រាប់​ចៅៗ​សិស្ស​និទ្ទេស​A និង​អ្នកចូលរួម ខ្ញុំ​សម្រេចចិត្ត​លើក​ពេល​នៃ​ការជួបជុំ​ជាមួយ​សិស្ស​និទ្ទេស​A​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​២៨ កុម្ភៈ ២០២២ ទៅ​ពេល​ក្រោយ​វិញ​”​។

​សម្តេច បាន​បន្តថា “​ការរក្សា​ជីវិត និង​សុខភាព គឺ​កិច្ចការ​ចម្បង​របស់​យើងទាំងអស់គ្នា​នាពេលនេះ​។ រក្សាបាន​ជីវិត​ និង​មាន​សុខភាព​ល្អ​ មិន​ខ្វះ​ទេ​ពេលវេលា​នៃ​ការជួបជុំ​។​ សង្ឃឹមថា​ចៅៗ​និង​ក្រុមគ្រួសារ​ នឹងមាន​ការយោគយល់​នូវ​ការ​លំបាក​នេះ​”​។​

​សូមបញ្ជាក់​ជូន​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៧-២៨ ខែធ្នូ ឆ្នាំ​២០២១ មាន​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន ៧២.០១៦ នាក់ ត្រូវជា ៦៥.៦៥% (​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះ​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ១.៧៥៣​នាក់ (​ឆ្នាំ​២០១៩ ចំនួន ៤៤៣​នាក់​)​។​

​ក្នុងចំណោម​បេក្ខជន​ដែល​ទទួលបាន​និទ្ទេស A មាន​ចំនួន ១ ៧៥៣​នាក់ បេក្ខជន​មកពី​រាជធានី​ភ្នំពេញ ៥៦៥​នាក់​, ខេត្តសៀមរាប ១៥៣​នាក់​, កណ្តាល ១២៧​នាក់​, បាត់ដំបង ១២៣​នាក់​, កំពង់ចាម ១១៨​នាក់​, បន្ទាយមានជ័យ ៩៩​នាក់​, តាកែវ ៩៩​នាក់​, ព្រៃវែង ៨៧​នាក់​, កំពត ៧៥​នាក់​, ត្បូងឃ្មុំ ៥៤​នាក់​, ក្រចេះ ៤៥​នាក់​, កំពង់ធំ ៤១​នាក់​, កំពង់ស្ពឺ ៣៣​នាក់​, ពោធិ៍សាត់ ២៨​នាក់​, ស្វាយរៀង ២៦​នាក់​, កំពង់ឆ្នាំង ២២​នាក់​,​ព្រះសីហនុ ២០​នាក់​, រតនគិរី ០៩​នាក់​, ស្ទឹងត្រែង ០៦​នាក់​, ប៉ៃលិន ០៦​នាក់​, ឧ​ត្ត​រ​មានជ័យ ០៥​នាក់​, កោះកុង​០៤​នាក់​, ព្រះវិហារ ០៤​នាក់​, កែប ០៣​នាក់​, និង​ខេត្តមណ្ឌលគិរី ០១​នាក់​៕​