ប្រជាពលរដ្ឋខ្មែរភាគច្រើនស្គាល់តែពាក្យថា កម្មសិទ្ធិ រីឯពាក្យអវិភាគដែលភ្ជាប់នឹងពាក្យកម្មសិទ្ធិ ភាគច្រើនពួកគាត់ពុំបានយល់ន័យនៃពាក្យនោះទេ លើកលែងតែអ្នកដែលបានសិក្សាផ្នែកច្បាប់ ឬធ្វើការងារក្នុងវិស័យច្បាប់ទើបឧស្សាហ៍ជួប និងយល់ខ្លឹមសារនៃពាក្យនេះ។
ដើម្បីដឹងច្បាស់អំពី កម្មសិទ្ធិអវិភាគ សារព័ត៌មានខ្មែរឈានមុខ សូមធ្វើការបង្ហាញដូចតទៅនេះ ៖
កម្មសិទ្ធិអវិភាគ គឺ ជាស្ថានភាពដែលបុគ្គលច្រើននាក់ មានកម្មសិទ្ធិស្របទៅតាមភាគចំណែករបស់ខ្លួន ដែលគិតទៅតាមចំនួននៅលើទ្រព្យតែមួយ។ ចំណែកនៃម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ ត្រូវបានសន្មតថា ស្មើគ្នា លើកលែងមានការព្រមព្រៀង ឬ ការកំណត់ផ្សេងទៀត។
ឧទាហរណ៍ ដីទំហំ មួយហិកតា ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មសិទ្ធិករ បួននាក់។ កម្មសិទ្ធិករទាំងបួននាក់នេះ មានសិទ្ធិកម្មសិទ្ធិលើដីតែមួយជាមួយគ្នា កម្មសិទ្ធិប្រភេទនេះ ត្រូវបានហៅថា កម្មសិទ្ធិអវិភាគ។
តើកម្មសិទ្ធិករនៃទ្រព្យអវិភាគមានសិទ្ធិអ្វីខ្លះលើទ្រព្យអវិភាគនោះ?
១. ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ អាចអនុវត្តសិទ្ធិរបស់ខ្លួនបានដោយសេរីដោយអាចធ្វើអនុប្បទាន ឬ ដាក់ជាប្រាតិភោគ(ការដាក់ទ្រព្យសម្បត្តិដើម្បីធានាបំណុល)នូវចំណែករបស់ខ្លួនបានក្នុងលក្ខខណ្ឌមិនប៉ះពាល់ដល់ចំណែកអ្នកផ្សេង។ រីឯ ម្ចាស់បំណុលនៃម្ចាស់កម្មសិទ្ធិអវិភាគវិញ អាចរឹបអូសចំណែកនៃទ្រព្យអវិភាគនោះក្រោមរូបភាពចំនួនពីរគឺ ក. ករណីមានការព្រមព្រៀងពីកូនបំណុលនៃទ្រព្យអវិភាគ និង ខ. ប្រសិនបើគ្មានការព្រមព្រៀងពីកូនបំណុលនៃទ្រព្យអវិភាគត្រូវស្នើសុំសេចក្តីសម្រេចពីតុលាការ។
២. ម្ចាស់កម្មសិទ្ធិអវិភាគ អាចប្រើប្រាស់វត្ថុកម្មសិទ្ធិអវិភាគទាំងមូល តាមសមាមាត្រនៃចំណែករបស់ខ្លួនបាន។ ការប្រើប្រាស់សិទ្ធិលើទ្រព្យអវិភាគនេះ មិនត្រូវឱ្យប៉ះពាល់សិទ្ធិរបស់កម្មសិទ្ធិករផ្សេងទៀតលើទ្រព្យអវិភាគជាមួយគ្នានោះទេ។
៣. ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ អាចធ្វើសកម្មភាពថែទាំវត្ថុកម្មសិទ្ធិអវិភាគដោយឯកឯងបាន។ ការថែទាំនេះ ម្នាក់ៗនៃកម្មសិទ្ធអវិភាគអាចធ្វើបានដោយពុំចាំបាច់មានការព្រមព្រៀងពីម្ចាស់អវិភាគផ្សេងទៀតឡើយព្រោះនេះជាសកម្មភាពដែលមិនប៉ះពាល់ដល់សិទ្ធិអ្នកដ៏ទៃ ហើយជាសកម្មភាពមានប្រយោជន៍ដល់វត្ថុកម្មសិទ្ធិអវិភាគ និងម្ចាស់សិទ្ធិផ្សេងទៀតផងដែរ។
៤. ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ មិនអាចចាត់ចែងវត្ថុកម្មសិទ្ធិអវិភាគ ឬ ធ្វើការផ្លាស់ប្ដូរអ្វីសំខាន់ៗទៅលើវត្ថុកម្មសិទ្ធិអវិភាគបានឡើយ លើកលែងតែមានការយល់ព្រមពីម្ចាស់កម្មសិទ្ធិអវិភាគផ្សេងទៀត។ កិច្ចការទាំងឡាយដែលទាក់ទងនឹងការគ្រប់គ្រងវត្ថុកម្មសិទ្ធិអវិភាគ ត្រូវសម្រេចដោយមតិភាគច្រើន តាមតម្លៃនៃចំណែករបស់ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ លើកលែងតែករណីការថែទាំវត្ថុកម្មសិទ្ធិអវិភាគ និងការផ្លាស់ប្ដូរមុខងារប្រើប្រាស់នៃវត្ថុកម្មសិទ្ធិអវិភាគ។
៥. ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ ត្រូវទទួលបន្ទុកក្នុងការបង់សោហ៊ុយគ្រប់គ្រង ពន្ធដារ តាមសមាមាត្រនៃចំណែករៀងៗខ្លួន។ ប្រសិនបើ ម្ចាស់កម្មសិទ្ធិអវិភាគណាម្នាក់បានបង់សោហ៊ុយដើម្បីការថែទាំគ្រប់គ្រង ឬ បន្ទុកផ្សេងទៀតដែលលើសពីបន្ទុករបស់ខ្លួន ម្ចាស់កម្មសិទ្ធិអវិភាគនោះអាចទាមទារឱ្យម្ចាស់កម្មសិទ្ធិអវិភាគផ្សេងទៀតសងប្រាក់ដែលខ្លួនបានបង់លើសនោះ តាមសមាមាត្រនៃចំណែករៀងៗខ្លួនបាន។ សិទ្ធិទាមទារសងសោហ៊ុយក៏អាចអនុវត្ដបានដែរ ចំពោះជនដែលបានទទួលបន្ដនូវចំណែករបស់ម្ចាស់កម្មសិទ្ធិអវិភាគផ្សេង។ ពេលដែលម្ចាស់កម្មសិទ្ធិអវិភាគណាម្នាក់ បានបោះបង់នូវចំណែករបស់ខ្លួន ឬ បានទទួលមរណភាពហើយគ្មានសន្ដតិជនទេនោះ ចំណែករបស់អ្នកនោះនឹងត្រូវបានទៅម្ចាស់កម្មសិទ្ធិអវិភាគផ្សេង។ ករណីលើកលែង កម្មសិទ្ធិករលើទ្រព្យអវិភាគទាំងអស់ទទួលមរណភាព គ្មានសន្តតិជន ទើបទ្រព្យសម្បត្តិនោះក្លាយជា កម្មសិទ្ធិរបស់រដ្ឋ (មាត្រា១៦១ ក្រមរដ្ឋប្បវេណីកម្ពុជា)។
៦. ម្ចាស់កម្មសិទ្ធិអវិភាគម្នាក់ៗ អាចទាមទារឱ្យបែងចែកវត្ថុកម្មសិទ្ធិអវិភាគបានគ្រប់ពេលវេលា។ ប៉ុន្ដែ ម្ចាស់កម្មសិទ្ធិអវិភាគអាចធ្វើកិច្ចសន្យាហាមមិនឱ្យបែងចែកវត្ថុកម្មសិទ្ធិអវិភាគ ក្នុងអំឡុងពេលដែលមិនលើសពី ៥(ប្រាំ)ឆ្នាំ បាន។ កិច្ចសន្យានេះ អាចធ្វើបន្ដបាន តែកិច្ចសន្យាដែលត្រូវបានធ្វើបន្ដថី្មនេះ មិនអាចមានអំឡុងពេលលើសពី ៥(ប្រាំ)ឆ្នាំបានឡើយ។ ក្នុងករណីការពិភាក្សារបស់ម្ចាស់កម្មសិទ្ធិអវិភាគអំពី ការបែងចែកមិនអាចសម្របសម្រួលគ្នាបានទេ ម្ចាស់កម្មសិទ្ធិអវិភាគ អាចទាមទារការបែងចែង ដោយប្ដឹងទៅតុលាការបាន។ ក្នុងករណីនេះ តុលាការអាចបង្គាប់ឱ្យបែងចែកវត្ថុ តាមរូបដើមរបស់វា ឬ ប្រសិនបើមានការបារម្ភថា ការបែងចែកតាមរូបដើមនឹងធ្វើឱ្យខូចតម្លៃហួសហេតុ ឬ ប្រសិនបើមានមូលហេតុសមរម្យ តុលាការអាចបង្គាប់ឱ្យលក់ដេញថ្លៃហើយចែកប្រាក់លក់នោះតាមចំណែក ឬ អាចបង្គាប់ឱ្យផ្ទេរចំណែកកម្មសិទ្ធិអវិភាគមួយភាគ ឱ្យម្ចាស់កម្មសិទ្ធិអវិភាគផ្សេង ដោយឱ្យបង់ប្រាក់សំណងនៃចំណែកនោះបាន។
៧. បើម្ចាស់កម្មសិទ្ធិអវិភាគណាម្នាក់ មានសិទ្ធិ លើបំណុលចំពោះម្ចាស់កម្មសិទ្ធិអវិភាគឯទៀត ដោយសារការថែទាំ គ្រប់គ្រង ឬ បន្ទុកផ្សេងទៀតទៅលើវត្ថុកម្មសិទ្ធិអវិភាគកម្មសិទ្ធិអវិភាគនោះអាចឱ្យកូនបំណុលសង ដោយយកចំណែកនៃវត្ថុកម្មសិទ្ធិអវិភាគដែល ជាចំណែករបស់កូនបំណុលនោះ នៅពេលបែងចែកបាន។ បើមានភាពចាំបាច់ត្រូវលក់ចំណែកនៃវត្ថុកម្មសិទ្ធិអវិភាគរបស់កូនបំណុលដើម្បីទទួលការសងសំណង ម្ចាស់បំណុលអាចទាមទារការលក់នោះចំពោះតុលាការបាន។
សូមបញ្ជាក់ផងថា កម្មសិទ្ធិអវិភាគ ជាផ្នែកមួយនៃទម្រង់របស់កម្មសិទ្ធិ ដែលយកទៅអនុវត្តន៍លើវត្ថុទាំងពីរទាំងចលនវត្ត និងអចលនវត្ថុ ហើយកម្មសិទ្ធិអវិភាគនេះក៏ត្រូវបានយកមកអនុវត្ដដូចគ្នាផងដែរ ចំពោះករណីដែលបុគ្គលជាច្រើននាក់មានសិទ្ធិលើទ្រព្យសម្បត្ដិដែលក្រៅពីកម្មសិទ្ធិ៕
ឯកសារយោង ក្រមរដ្ឋប្បវេណីកម្ពុជាប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខៈ នស/រកម/១២០៧/០៣១ ចុះថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០០៧។