អ៊ុយក្រែន​មិនទាន់​ពិចារណា​បិទ​ជើងហោះហើរ​ចូល​ប្រទេស​ខ្លួន បើទោះបីជា​ភាព​តានតឹង​ជាមួយ​រុស្ស៊ី​នៅ​មិនទាន់​ធូរស្រាល​ក៏ដោយ

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បា​និយាយ​កាលពី​ថ្ងៃទី​១៣ កុម្ភៈ ម្សិលមិញ​នេះ​ថា រដ្ឋាភិបាល​ខ្លួន​នៅ​មិនទាន់​ពិចារណា​ក្នុង​ការបិទ​ជើង​ហោះចូល​ប្រទេស​ខ្លួន​នោះទេ បើទោះបី​ភាព​តានតឹង​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី នៅ​មិនទាន់បាន​ធូរស្រាល​ក៏ដោយចុះ ស្រប​ពេលដែល​អាមេរិក​ព្រមាន​ថា ទាហាន​រុស្ស៊ី​អាច​ឈ្លានពាន​ប្រទេស​អឺរ៉ុប​មួយ​នេះ​នៅពេលណា​ក៏បាន​។​

​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា យោធា​រុស្ស៊ី​ដែលមាន​ជាង​១០​ម៉ឺន​នាក់​បាន​ប្រមូលផ្តុំ​នៅ​ជិត​អ៊ុយ​ក្រែ​ន ហើយ​អាច​ឈ្លានពាន​ចូល​អ៊ុយ​ក្រែ​ន​នៅពេលណា​ក៏បាន​។ តែ​យ៉ាងណាមិញ ទីក្រុង​មូ​ស្គូ​បាន​បដិសេធថា​មិនមាន​ផែនការ​បែបនេះ​ទេ ហើយ​ការលើកឡើង​បែបនេះ​ថា​ជា “​រឿង​ភ័យ​ស្លន់ស្លោ​”​។​

​ក្រុមហ៊ុន​អាកាសចរណ៍​ហូ​ឡង់ KLM បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ខ្លួន​នឹង​បញ្ឈប់​ការហោះហើរ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ភ្លាមៗ ខណៈដែល​ក្រុមហ៊ុន​អាកាសចរណ៍ SkyUp របស់​អ៊ុយ​ក្រែ​ន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​ត្រូវ​បង្វែរ​យន្តហោះ​របស់ខ្លួន បន្ទាប់ពី​ម្ចាស់​យន្តហោះ​ជួល​បាន​រារាំង​ការហោះហើរ​មិន​ឱ្យចូល​ដែនអាកាស​អ៊ុយ​ក្រែ​ន​។​

​ដោយឡែក​លោក Mykhailo Podolyak ទីប្រឹក្សា​នៃ​ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយថា “​ចំណុច​សំខាន់បំផុត​គឺថា​អ៊ុយ​ក្រែ​ន​ខ្លួនឯង​មើលមិនឃើញ​ចំណុច​ណាមួយ​ក្នុង​ការបិទ​មេឃ​។ នេះ​គឺជា​ការ​សម​ហេតុ​សម​ផល​។ លោក ថា ប្រសិនបើ​ក្រុមហ៊ុន​អាកាសចរណ៍​សម្រេចចិត្ត​កំណត់​កាលវិភាគ​ហោះហើរ​ឡើងវិញ នេះ​ប្រាកដជា​មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ការសម្រេចចិត្ត ឬ​គោលនយោបាយ​របស់​រដ្ឋ​របស់លោក​នោះទេ​។​

​ពាក់ព័ន្ធ​នឹង​ការប្រឈមមុខគ្នា​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​នេះ អាមេរិក សម្ព័ន្ធមិត្ត​លោកខាងលិច និង​ប្រទេស​ផ្សេងទៀត បាននិងកំពុង​ជម្លៀស​បុគ្គលិក​ស្ថានទូត និង​បាន​ណែនាំ​ពលរដ្ឋ​របស់​ពួកគេ​កុំឱ្យ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ចំពេល​មានការ​ប្រឈមមុខ​ដាក់​គ្នា​នេះ​។​

​គួរ​ជម្រាបជូន​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ សម្រេច​បើក​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២២ ដែលជា​លើកដំបូង​ចាប់តាំងពី​ផ្ទុះ​ភាព​តានតឹង​រវាង​អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​កាន់តែ​ឡើងក​ម្តៅ​ខ្លាំង​ដោយសារតែ​មហាអំណាច​នៅ​អឺរ៉ុប​មួយ​នេះ​គូស​ផែនទី​ប៉ុនប៉ង​វាយលុក​លុយ​អ៊ុយ​ក្រែ​ន នៅក្រោម​ក្រសែភ្នែក​របស់​យោធា​ណា​តូ (NATO) ដែល​ព្រមាន​ប្រឆាំង​យ៉ាងខ្លាំង​លើ​ទង្វើ​របស់​ក្រុង​មូ​ស្គូ​៕​