ពីទីក្រុងតូក្យូ ប្រទេសជប៉ុន លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន KISHI Nobuo បានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក មកកាន់ប្រទេសជប៉ុននៅពេលនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន កាន់តែខ្លាំងឡើងថែមទៀត។ នេះបើយោងតាមការបង្ហោះរបស់នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបែបនេះ គឺធ្វើឡើងក្នុងជំនួបជាមួយលោក ហ៊ុន ម៉ាណែត នាទីស្តីការក្រសួងការពារជាតិជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងអំឡុងលោក ហ៊ុន ម៉ាណែត ធ្វើដំណើរទស្សនកិច្ចរយៈពេល ០៤ ថ្ងៃ នៅប្រទេសជប៉ុន។
ក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានផ្តោតជាសំខាន់លើគោលបំណងរួមកម្ពុជា-ជប៉ុន ក្នុងការបន្តពង្រឹងទំនាក់ទំនងប្រកបដោយសក្តានុពលរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរផ្នែកយោធា។
ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ាណែត បានស្នើសុំការគាំទ្រលើការបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏ដូចជាការជំរុញឱ្យទំនាក់ទំនងនេះបានឈានឡើងដល់កម្រិតខ្ពស់ឡើងបន្ថែមទៀត។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង កម្ពុជា-ជប៉ុន ក្នុងការបន្តរក្សាទំនាក់ទំនងជិតស្និទ្ធក្នុងវិស័យការពារជាតិ និងបានគាំទ្រលើសំណើផ្តួចផ្តើមនានារបស់កម្ពុជាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពធនធានមនុស្សលើជំនាញសំខាន់ៗមួយចំនួនដល់កងទ័ពកម្ពុជា ជាមួយនឹងការរំពឹងថា កម្ពុជានឹងក្លាយដៃគូដ៏ល្អក្នុងការចូលរួមចំណែកដល់ការពង្រឹង និងថែរក្សារក្សាសន្តិភាពនៅក្នុងតំបន់៕