ភ្នំពេញ: លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងលោក Rune Dale Andresen ប្រធានអង្គការNPAប្រចាំកម្ពុជា បានចុះហត្ថលខាលើកិច្ចសហប្រតិបត្តិការ អនុវត្ត “គម្រោងបោសសម្អាតមីនមនុស្សធម៌”នៅកម្ពុជាដោយមានហិរញ្ញប្បទានសរុបចំនួន ២.១០០.០០០ លានដុល្លារអាម៉េរិក។
ថ្លែងនៅក្រោយពិធីចុះហត្ថកេខានៅទី១១ ខែសីហា ឆ្នាំ២០២៣ លោក ហេង រតនា ឲ្យដឹងថាហិរញ្ញប្បទានឥតសំណងនេះ គាំទ្រដោយរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ដេីម្បីគាំទ្រអង្គការNPAនិងអង្គភាពស៊ីម៉ាក់សហការគ្នាក្នុងកិច្ចប្រតិបត្តិការ។
លោកបន្តថា ដោយអង្គភាពសុីម៉ាក់ជាអ្នកអនុវត្តការងារបោសសម្អាតមីន ហេីយគំរោងនេះមានរយៈពេល១៦ខែ ដែលត្រូវបោសសម្អាតផ្ទៃដីបញ្ហាគ្រាប់មីនទំហំចំនួន១.៦០០ហិចតា ស្ថិតនៅបណ្តាស្រុកនៃខេត្តស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ គឺខេត្តបន្ទាយមានជ័យ ឧត្តមានជ័យ និងព្រះវិហារ ដើម្បីឆ្លើយតបតាមគោលនយោបាយរាជរដ្ឋាភិបាល “ កម្ពុជាគ្មានមីន ឆ្នាំ២០២៥” ។
បើតាមលោក ហេង រតនា គម្រោងនេះក៏នឹងផ្តល់ការគាំទ្រដល់ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់មីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាការងារហ្វឹកហ្វឺនផងដែរ៕