អាជ្ញាធរខេត្តមណ្ឌលគិរី ត្រៀមសាងសង់ស្ថានីយ៍បូមទឹកឆៅ​មួយ​ក​ន្លែ​ងទៀត ដើម្បីផ្គត់ផ្គង់តម្រូវការពលរដ្ឋក្នុងក្រុងសែនមនោរម្យ

មណ្ឌលគិរី៖ ដើម្បីបំពេញតម្រូវការទឹកស្អាតផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ អាជ្ញាធរខេត្តមណ្ឌលគិរី នៅថ្ងៃទី១១ សីហា ២០២៣ បានចុះត្រួតពិនិត្យទីតាំងស្ថានីយ៍បូមទឹកឆៅ​មួយ​ក​ន្លែ​ងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ក្រោយទទួលបានការឯកភាពពីម្ចាស់កម្មសិទ្ឋដី យល់ព្រមបរិច្ចាកដីសម្រាប់​សាង​សង់សំណង់​ស្ថានី​យ៍។

ក្នុងពេលដឹកនាំមន្ត្រីពាក់ព័ន្ឋចុះពិនិត្យទីតាំងនៅថ្ងៃទី១១ ខែសីហានេះ លោក សាន់ ដារិទ្ឋ អភិបាលរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយទទួលបានការណែនាំពីឯកឧត្តមអភិបាលខេត្ត លោកបាន​ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ឋ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ ទីតាំងដែលត្រូវសាងសង់ស្ថានីយ៍បូមទឹកថ្មីបន្ថែម សម្រាប់បំពេញសេចក្តីត្រូវការ​របស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងសែនមនោរម្យ ដែលមានចំនួននៃការប្រើ​ប្រាស់បរិមាណទឹកកើនឡើងជាប្រចាំ។

លោក បញ្ជាក់ថា សមត្ថភាពផលិតកម្មទឹកស្អាតរបស់រដ្ឋាករទឹកក្រុងសែនមនោរម្យ បច្ចុប្បន្នអាចផ្តល់ទឹកស្អាតដល់ប្រជាពលរដ្ឋប្រើប្រាស់ចំនួន​ពីរពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលស្មើនឹងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះប្រមាណជាងពីរពាន់គ្រួសារ។

លោក សាន់ ដារិទ្ធ បន្ថែមថា កន្លែងនេះ ថ្វីត្បិត​តែជាប្រឡាយអូរធម្មជាតិរបស់រដ្ឋ ប៉ុន្តែនៅផ្នែកខាងលើចំនីអូរគឺជាកម្មសិទ្ឋឯកជន ដែលមានប័ណ្ណកម្មសិទ្ធិអាស្រ័យផលស្របច្បាប់ ដូច្នេះ​ក្រោយមានការស្នើសុំពីក្រុមការងារ និងការពន្យល់ណែនាំអំពីផលប្រយោជន៍ រួមនៃការសាងសង់ស្ថានីយ៍បូមទឹកខាងលើនេះ។

លោក កែវ ឡា ម្ចាស់ទីតាំងដីបានយល់ព្រមឲ្យក្រុមការងារអាចសង់ស្ថានីយ៍បូមទឹកថ្មី ប្រភេទសំណង់រឹងមាំលើផ្ទៃដីរបស់គាត់ទំហំ៦ម៉ែត្របួនជ្រុង និង​ផ្លូវធ្វើដំណើរចេញចូលទំហំ៤ម៉ែត្រ ពីផ្លូវកៅស៊ូចូលទៅស្ថានីយ៍ចំងាយប្រហែល៥០ម៉ែត្រឯណោះ។

លោក សាន់ ដារិទ្ឋ អភិបាលរងខេត្តមណ្ឌលគិរី បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយអូរ ប្រភពទឹកថ្មី ដែលត្រូវក្រុមការងាររដ្ឋាករទឹកស្អាតក្រុងសែនមនោរម្យ សាងសង់ស្ថានីយ៍បូមទឹកថ្មី សូមចូលរួមថែរក្សា ការពារបរិស្ថាន កុំចោលសំរាម ឬសារធាតុពុលណាមួយចូលទៅប្រភពទឹកនេះ ដើម្បីបង្ការ ចៀសវាង គ្រោះថ្នាក់នានា ដល់សុខភាពសាធារណៈ៕