ជារឿងគួរឱ្យភ្ញាក់ផ្អើល អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ មកចូលរួមខួបកំណើតសម្តេចនាយករដ្ឋមន្រ្តី នៅទីក្រុងតាខ្មៅ

ភ្នំពេញ៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានមកចូលរួមក្នុងពិធីខួបកំណើត គម្រប់៧១ឆ្នាំ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដល់ភូមិគ្រឹះសម្តេច នាទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៥ សីហា ម្សិលមិញនេះ។

វត្តមាននៃការចូលរួមរបស់អតីតនាយករដ្ឋមន្រ្តីថៃទាំងពីររូបនេះ ត្រូវបានបណ្តាញសារព័ត៌មានក្នុងស្រុកយកមកធ្វើការចុះផ្សាយយ៉ាងព្រោងព្រាតនៅថ្ងៃនេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News សម្តេច ហ៊ុន សែន ថា អតីតនាយករដ្ឋមន្រ្តីថៃទាំងពីររូបនេះ បានស្នាក់នៅភូមិគ្រឹះសម្តេចនាទីក្រុងតាខ្មៅមួយយប់។ លុះព្រឹកឡើងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកជាមួយសម្តេចរួច អ្នកទាំងពីរក៏បានហោះចេញពីកម្ពុជា។

សូមជម្រាបជូនថា កាលពីថ្មីៗនេះ លោក ថាក់ ស៊ីន បានប្រកាសថា រូបលោក នឹងវិលចូលប្រទេសថៃវិញនៅថ្ងៃទី១០ ខែសីហាខាងមុខនេះ ក៏ប៉ុន្តែនៅថ្ងៃទី៥ ខែសីហាម្សិលមិញនេះ លោកក៏បានប្រកាសពន្យាពេលចូលប្រទេសវិញ ក្រោមហេតុផលផ្ទាល់ខ្លួនថា លោកត្រូវពិនិត្យសុខភាពវិញ។

ការប្រកាសរបស់លោក ថាក់ស៊ីន ធ្វើឡើងខណៈប្រទេសថៃ កំពុងជួបភាពជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែឧសភា។

លោក ថាក់ស៊ីន ត្រូវបានគេដឹងថា បានរស់នៅបរទេសដោយនិរទេសខ្លួន ចាប់តាំងពីរដ្ឋប្រហារយោធាដែលដឹកនាំដោយឧត្តមសេនីយ ស៊ុនទិ ប៊ុនយ៉ារ៉ាតឃ្លីន (Sonthi Boonyaratglin) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ហើយលោកបាន ប្រឈមមុខនឹងការចោទប្រកាន់ និងកាត់ទោសដាក់ពន្ធនាគារជាច្រើនដងផងដែរ ជុំវិញការចោទប្រកាន់ពីបទពុករលួយ ការគេចពន្ធ និងការរំលោភអំណាច។

ជាការកត់សម្គាល់ចាប់តំាងពីរដ្ឋប្រហារដោយយោធាមក លោក ថាក់ស៊ីន តាមរយៈអ្នកនយោបាយនៅក្នុងត្រកូល ថាក់ស៊ីនរបស់លោក និង អ្នកដែលជិតស្និទ នឹងលោក គឺសុទ្ធតែបរាជ័យនៅក្នុង ផែនការនាំលោកចូលស្រុកវិញ ។

ចាប់តាំងពី ឆ្នាំ២០០៨ លោកបានផ្លាស់ប្តូរទីកន្លែងរស់នៅជាបន្តបន្ទាប់ ប៉ុន្តែ គេដឹងថា លោកច្រើនតាំងទីលំនៅនៅទីក្រុង ឌូបៃ៕