មន្ត្រី ក.ប.ប. ដកហូតទំនិញមិនមានអនុលោមភាពពីទីផ្សារ និងចាត់វិធានការលើទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខ

ភ្នំពេញ:នៅថ្ងៃទី២-៤ ខែសីហា ឆ្នាំ២០២៣ មន្ត្រីនៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំខេត្តតាកែវ និងខេត្តបាត់ដំបង បានបន្តចុះត្រួតពិនិត្យទីផ្សារស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ដោយបានយកចិត្តទុកដាក់ពិនិត្យលើទំនិញវេចខ្ចប់ស្រេច ទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខ និងទំនិញមិនមានអនុលោមភាពតាមច្បាប់ផ្សេងទៀតដែលចរាចរនៅលើទីផ្សារ។

តាមការបញ្ជាក់របស់មន្ត្រីជំនាញ បានរកឃើញទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន ១៧.៩០គីឡូក្រាម ព្រមទាំងភេសជ្ជៈរំលោភសិទ្ធផ្តាច់មុខស្របតាមបណ្តឹងរបស់ក្រុមហ៊ុនដើម សរុបចំនួន ៣៣៣លីត្រ។ មន្ត្រីជំនាញបានដកហូតទំនិញទាំងនោះ និងបានតម្រូវឱ្យម្ចាស់ទំនិញធ្វើកិច្ចសន្យាកែតម្រូវឈប់លក់ទំនិញមិនមានអនុលោមភាពបន្តទៅទៀត។

ជាមួយគ្នានេះដែរ សាខា ក.ប.ប. រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកអគ្គនាយករង និងជាប្រធានក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញា បានចុះត្រួតពិនិត្យម៉ាតចំនួន ៣ទីតាំងក្នុងខណ្ឌចំការមន និងខណ្ឌទួលគោក ដើម្បីបង្រ្កាបការចរាចរនូវទំនិញម្សៅទឹកដោះគោ ដែលបំពានសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដើម ដែលក្នុងនោះបានរកឃើញ១ទីតាំង បានលក់ផលិតផលម្សៅទឹកដោះគោបំពានសិទ្ធិផ្តាច់មុខ និងត្រូវបានតម្រូវឱ្យមកធ្វើការបំភ្លឺនៅស្នាក់ការសាខា ក.ប.ប. រាជធានីភ្នំពេញផងដែរ៕