អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ​៖ យន្តការ​រៀបចំ​ដេញថ្លៃ​ជ្រូក​រ​ស់មក​ផ្គត់ផ្គង់​កម្ពុជា គឺ​ពិបាក​យក​មកអនុវត្ត

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម បាន​ហៅ​ការរៀបចំ​ដេញថ្លៃ​ជ្រូក​របស់​មក​ផ្គត់ផ្គង់​កម្ពុជា ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​សេដ្ឋកិច្ច​នោះ គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​ពិបាក​នឹង​អនុវត្ត បើទោះបីជា​យន្តការ​មួយ​នេះ​នឹង​ត្រូវ​យកមកអនុវត្ត​ក្នុងករណី​ ដែល​មាន​ការខ្វះ​ជ្រូក​ក៏ដោយចុះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​។​

ការលើកឡើង​នេះ គឺធ្វើឡើង​បន្ទាប់ពី​ក្រសួង​សេដ្ឋកិច្ចកម្ពុជា​កាលពី​ម្សិលមិញ​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ចំនួន​ពីរ​ទំព័រ បំភ្លឺ​ជុំវិញ​ការរៀបចំ​យន្តការ​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​ផ្គត់ផ្គង់​មក​កម្ពុជា​។ សម្រាប់​ក្រសួង​សេដ្ឋកិច្ច យន្តការ​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​ផ្គត់ផ្គង់​មក​កម្ពុជា​នឹងត្រូវ​យកមកអនុវត្ត​ក្នុងករណី​ដែលមាន​ការខ្វះ​ជ្រូក​តែប៉ុណ្ណោះ​។​

​ផ្ទុយ​ពី​ការអះអាង​របស់​ក្រសួង​សេដ្ឋកិច្ច អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម បាន​និយាយថា យន្តការ​ខាងលើនេះ​គឺ​ពិបាក​នឹង​យក​អនុវត្ត គឺ​ដោយសារ​ថា តម្លៃ​ជ្រូក​មានការ​ប្រែប្រួល​ជានិច្ច​ទៅតាម​ពេលវេលា និង​ទីកន្លែង ប្រសិនបើ​មាន​ជំងឺ​ផ្ទុះឡើង​នោះ​តម្លៃ​មានការ​ប្រែប្រួល​ខ្លាំង​បំផុត​។​

​ជុំវិញ​បញ្ហា​នេះ កាលពីពេល​កន្លងទៅនេះ តាមរយៈ​កិច្ចប្រជុំ​អន្តរក្រសួង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​ថ្លៃ​សាច់ជ្រូក​លើ​ទីផ្សារ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ឯកភាព​ឱ្យមាន​ការសិក្សា​ថ្លៃដើម​ផលិតកម្ម​ជ្រូក​នៅ​កម្ពុជា​ធៀប​ទៅនឹង​ប្រទេសជិតខាង​។ ប៉ុន្តែ​បាន​ទទូច​មិនឱ្យ​រៀបចំ​នីតិវិធី​ដេញថ្លៃ​ផ្គត់ផ្គង់​ជ្រូក​រស់​នោះឡើយ​។​

​ប្រភព​ដដែល បាន​សង្កត់ធ្ងន់ថា “​លទ្ធផល​ដែល​ទទួលបាន​ពី​ការសិក្សា​ថ្លៃដើម​ផលិតកម្ម​ជ្រូក មិនបាន​ចង្អុលបង្ហាញ​ឱ្យ​បង្កើត​យន្តការ​ដាក់ដេញ​ថ្លៃ​នោះទេ បែរជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅតែ​បន្ត​ជំរុញ​រៀបចំ​សៀវភៅ​បន្ទុក​ស្តីពី​ការដេញថ្លៃ​នាំចូល​សាច់ជ្រូករ​ស់មក​ផ្គត់ផ្គង់​ទីផ្សារ​កម្ពុជា​នៅ​ច្រកព្រំដែន​ជាមួយ​ប្រទេស​ថៃ ឬ​ប្រទេស​វៀតណាម​”​។​

​តែ​ទោះបីជា​យ៉ាងណា ក្រសួង​សេដ្ឋកិច្ច បាន​គូសបញ្ជាក់ថា យន្តការ​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​ផ្គត់ផ្គង់​មក​កម្ពុជា ដែល​កំពុង​រៀបចំ​ដោយ​ក្រុមការងារ​អន្តរក្រសួង ដែលមាន​ក្រសួង​សេដ្ឋកិច្ច​ជា​ស្ថាប័ន​ដឹកនាំ​សម្របសម្រួល មាន​គោលបំណង​សំខាន់ គឺ​ជួយ​លើកកម្ពស់​ការប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព ក្នុង​ការធ្វើ​អាជីវកម្ម​នាំចូល​ជ្រូក​រស់​។ ក្នុងនោះ​គឺជា​ការធានា​និរន្តរភាព​នៃ​ការចិញ្ចឹម​ជ្រូក​របស់​កសិករ​សំដៅ​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​ក្នុង​បរិបទ​នៃ​ប្រក្រតីភាព​ថ្មី ក្នុង​ការរស់នៅ​ជាមួយនឹង​ជំងឺ​កូ​វីដ​១៩៕​