លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងយុត្តិធម៌ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២ បានសម្តែងនូវការគោរពអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដែលសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ ពីមូលនិធិសន្តិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
សម្រាប់លោករដ្ឋមន្ត្រី ការទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្ដិសមបំផុត ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលជា “បិតាស្ថាបនិកសន្តិភាព” ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ជាពិសេសការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ, មានការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ, មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ, មានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ៕