តាមរយៈលិខិតសុំទោសជាសាធារណៈចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញនេះ លោក ឌួង ងៀប បានធ្វើការសុំទោសជាសាធារណៈជាពិសេសចំពោះប្រធានសាលាដំបូងរាជធានីភ្នំពេញចំពោះទង្វើរបស់លោកថ្មីៗនេះ ដែល ចោទប្រកាន់ចំពោះចំណាត់ការរបស់សាលាដំបូងរាជធានីភ្នំពេញលើសំណុំរឿងលោកពាក់ព័ន្ធនឹងការឆបោកលុយជនជាតិតៃវ៉ាន់ថា មានភាពមិនប្រក្រតីនិងមានការប្រព្រឹត្តអំពើពុករលួយ។ លោក ថា ទង្វើរបស់លោកនាពេលកន្លងទៅនេះកើតចេញពីបញ្ហាស្មារតីដោយសាររងសម្ពាធគ្រួសារធ្ងន់ធ្ងរ។
លោក ឌួង ងៀប បានសុំទោសប្រធានសាលាដំបូងរាជធានីភ្នំពេញចំពោះការបង្ហោះវីដេអូឃ្លីបរយៈពេល២៣នាទី បកស្រាយបញ្ហាពាក់ព័ន្ធនឹងចំណាត់ការរឿងក្តីរបស់សាលាដំបូងរាជធានីភ្នំពេញលើរូបលោក ហើយអ្វីដែលធ្ងន់ធ្ងរនោះគឺលោកបានទៅបង្ហាញខ្លួន និងសម្ភាសន៍នៅពីមុខពន្ធនាគារព្រៃស។
លោក បានបញ្ជាក់ក្នុងលិខិតថា “សកម្មភាពទាំងនេះធ្វើឡើងដោយសារខ្ញុំបាទមានការភាន់ភាំងស្មារតី ព្រោះរងសម្ពាធធ្ងន់ធ្ងរក្នុងគ្រួសារ និងមានការព្រួយបារម្ភខ្លាំងពីបញ្ហាប្រឈមផ្សេងៗក្នុងផ្លូវច្បាប់លើរឿងក្តីពាក់ព័ន្ធនឹងរូបខ្ញុំបាទ”។ លោក ថា ទុកទង្វើរបស់លោកនេះថាជាទង្វើដ៏គួរឱ្យសោកស្តាយនិងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ស្ថាប័ន និងកិត្តិយសរបស់ប្រធានសាលាដំបូងរាជធានីភ្នំពេញ និងចៅក្រមកាន់រឿងក្តី ហើយនិងធ្វើឱ្យប៉ះពាល់ដល់កិច្ចដំណើរការនីតិវិធីនៃរឿងក្តីនេះ។
ការធ្វើលិខិតសុំទោសរបស់លោកនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីថ្លែងការណ៍ហៅសកម្មភាពរបស់លោក ឌួង ងៀប ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនវាយប្រហារស្ថាប័នតុលាការនេះ គឺជាសកម្មភាពគេចវេះពីការទទួលខុសត្រូវរបស់លោក ខណៈដែលតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់លើសំណុំរឿងលោក។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា “សាលាដំបូងនឹងបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះករណីនេះ ដោយមិនអនុញ្ញាតឱ្យជនត្រូវចោទឈ្មោះ ឌួង ងៀប ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនឡើយ”។
ក្នុងលិខិតដដែល លោក ឌួង ងៀប បានសន្យថា មិនធ្វើសកម្មភាពបែបនេះជាថ្មីនោះទេ និងសន្យាថាចូលរួមគ្រប់កិច្ចនីតិវិធីចាត់ការរឿងក្តីរបស់សាលាដំបូងពាក់ព័ន្ធនឹងរូបលោក ដោយស្មារតីសុចរិត យុត្តិធម៌ និងគោរពច្បាប់ជាធរមាន។
សូមជម្រាបជូនថា សំណុំរឿងលោក ឌួង ងៀប តុលាការកំពុងដំណើរការនីតិវិធីក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៧២១៧ ចុះថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលោករងការចោទប្រកាន់ពីបទឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន លើអង្គហេតុពាក់ព័ន្ធនឹងការលក់អចលនវត្ថុមួយកន្លែងក្នុងទំហំទឹកប្រាក់ជាង៧លានដុល្លារអាមេរិក៕