ថ្លែងក្នុងកម្មវិធីទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នាទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នៅថ្ងៃទី១២ កុម្ភៈនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សន្តិភាពមានតម្លៃជាងអ្វីៗទាំងអស់ ហើយអ្នកដែលមានធ្លាប់ឆ្លងកាត់សង្គ្រាមប្រហែលមិនឱ្យតម្លៃលើសន្តិភាពនោះទេ។
សម្រាប់សម្តេច សន្តិភាពគឺជាអ្វីដែលស្រស់ស្អាតបំផុត ហើយសន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប។ សម្តេច ថា អ្នកដែលបានធ្លាប់ឆ្លងកាត់ជម្លោះហិង្សា ឬភ្លើងសង្គ្រាមទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ។
ជាមួយគ្នានេះ សម្តេច បានលើកយកបទពិសោធន៍ផ្ទាល់របស់សម្តេច ដែលបានឆ្លងកាត់នូវសម័យកាលដែលកម្ពុជាមានសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍មកធ្វើការចែករំលែក ដែលឆ្លុះបញ្ចាំងអំពីតម្លៃនៃសន្តិភាព។ សម្តេច បានលើកឡើងថា ដោយសារភ្លើងសង្គ្រាមសម្តេច បានបង្ខំចិត្តបោះបង់ការសិក្សាក្នុងឆ្នាំ១៩៧០ និងជីវិតកុមារភាព និងវ័យជំទង់របស់សម្តេចក៏ត្រូវបានបាត់បង់។
ដោយសារតែភ្លើងសង្គ្រាមនៅក្នុងប្រទេសដែលគ្មានសន្តិភាព សម្តេច ថា “ជីវិតកុមារភាព និងវ័យជំទង់របស់ខ្ញុំ ដែលគួរតែទទួលបាននូវភាពសប្បាយរីករាយ ប្រសិនបើប្រទេសខ្ញុំមានសន្តិភាពនោះ ប៉ុន្តែខ្ញុំបែរជាជួបតែទុក្ខលំបាកនិងការឈឺចាប់ទៅវិញ”។
សម្តេច បានបន្តថា សម្តេចពិតជាអស់សង្ឃឹមយ៉ាងខ្លាំងចំពោះអនាគតរបស់សម្តេច និងអនាគតប្រទេសសម្តេចនៅពេលនោះ។ ត្រង់ចំណុចនេះសម្តេច បានលើកឡើងថា ដើម្បីឱ្យប្រទេសសម្តេចទទួលបាននូវសន្តិភាព សម្តេច បានលះបង់អ្វីគ្រប់យ៉ាងមិនថាអាយុជីវិត គ្រួសារនោះទេ។ ជាក់ស្តែងសម្តេចបានរងរបួស និងបាត់បង់ភ្នែកម្ខាងក្នុងដំណើរការស្វែងរកសន្តិភាពជូនប្រទេស និងប្រជាជនកម្ពុជា។
សម្តេច បានបន្ថែមថា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលសម្តេចបានដាក់ចេញបានជំរុញឱ្យកម្ពុជាទទួលបាននូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ ហើយកម្ពុជាក៏បានផ្តោតការយកចិត្តទុកដាក់ទាំងស្រុងលើការអភិវឌ្ឍជាតិ ខណៈដែលប្រជាជនកម្ពុជាទទួលបានផលប្រយោជន៍ពីសុខសន្តិភាពនេះរហូតមកដល់ពេលបច្ចុប្បន្ននេះ៕