រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ៖ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​-​កាណាដា មានការ​កើនឡើង​គួរឱ្យកត់សម្គាល់

ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​លោកស្រី​បណ្ឌិត Sarah Taylor ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ​មានការ​កើន​ឡើង​គួរឱ្យកត់​សម្គាល់ ដែល​ក្នុង​នោះ កម្ពុជា​បាន​នាំ​ចេញទៅ​ប្រទេស​កាណាដា​ក្រោម​កម្មវិធី​ពន្ធគយ​សេរី និង​កូតា​សេរី ដែលមាន​ទំហំ​ទឹកប្រាក់​រហូតដល់ ៩៥៤,៨២ លាន​ដុល្លារ ​អាមេរិក ក្នុង​ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​ការ​បង្ហោះ​ជា​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បានស្នើ​ភាគី​កាណាដា​ពិនិត្យ​លទ្ធភាព​ក្នុងការ​សិក្សា​ទៅលើ​លទ្ធភាព​នៃ​ការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កាណាដា និង​ស្នើ​ឱ្យ​មាន​ការរៀបចំ​កិច្ច​ជំនួប​ពាណិជ្ជកម្ម រវាង​វិនិយោគិន​កាណាដា ដែល​បាន​វិនិយោគ​នៅ​ប្រទេស​ថៃ និង​​ឡាវ​ ជាមួយ​កម្ពុជា ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​ចិន (CCFTA) កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ (CKFTA) និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដែល​កម្ពុជា​ទើប​សម្រេច​បាន​នាពេល​ថ្មីៗ​នេះ​។


​ជាការ​ឆ្លើយតប​ជាមួយ​ភាគី​កម្ពុជា លោកស្រី​ឯកអគ្គរដ្ឋទូត​កាណាដា បាន​លើកឡើងថា កាណាដា​នឹង​ជំរុញ​ការ​ចរចា​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​កាណាដា និង​ពិនិត្យ​លទ្ធភាព​លើ​ការសិក្សា​ទៅលើ​លទ្ធភាព​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កាណាដា​។ លោកស្រី ថា ការ​នេះ​ជា​កិច្ចការ​ស្របគ្នា​ជាមួយ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​កាណាដា ក្រោម​រដ្ឋបាល​ថ្មី ដែល​ត្រូវ​បង្កើន​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​បាន​គូស​បញ្ជាក់ថា ភាគី​កាណាដា​គាំទ្រ​ជានិច្ច​ចំពោះ​ការ​ធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។​

​ជាមួយគ្នានេះដែរ លោកស្រី​សន្យា​ថា​នឹង​យក​សំណើ​ខាងលើ​ទៅ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ និង​ជំរុញ​មន្ត្រី​របស់ខ្លួន​ឱ្យធ្វើ​ការ​ជាមួយ​កម្ពុជា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត សំដៅ​នាំយក និង​បង្កើតបាន​គម្រោង​ជាក់លាក់​ក្រោម​កិច្ចសហប្រតិបត្តិការ​ក្របខណ្ឌ CTIF ព្រមទាំង​ដើម្បី​ធ្វើការ​លើក​សំណើ​ជំនួយ​បច្ចេកទេស​ពី​គម្រោង CTIF របស់​រដ្ឋាភិបាល​កាណាដា​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម​៕​