រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុង បានលើកឡើងថា យុវជនមួយចំនួនតូច បានប្រព្រឹត្តសកម្មភាពភ្លើតភ្លើនភ្លេចការសិក្សា បាត់បង់សេចក្តីថ្លៃថ្នូរបុគ្គល និងក្រុមគ្រួសារ ប្រាសចាកវប្បធម៌ និងប្រពៃណីជាតិខ្មែរ ក្នុងថ្ងៃទិវានៃក្តីស្រលាញ់។ នេះបើយោងលិខិតចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ របស់ក្រសួងអប់រំ។
សម្រាប់លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សិស្សានុសិស្សមួយចំនួនតូចយល់ច្រឡំថា ថ្ងៃ១៤ កុម្ភៈជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួបគ្នារវាងគូស្នេហ៍ ខណៈដែលទិវាមួយនេះ ពុំមានជាប្រពៃណីរបស់ជនជាតិកម្ពុជានោះទេ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រសួងវប្បធម៌ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា ថ្ងៃទី១៤ កុម្ភៈ ដែលមនុស្សមួយចំនួននិយាមហៅថា ទិវានៃក្តីស្រលាញ់ បាននឹងកំពុងជ្រៀតចូលក្នុងសង្គមជាតិជាពិសេសក្នុងស្រទាប់យុវជន។ ក្រសួងថា ទិវានៃក្តីស្រលាញ់នេះ បានធ្វើឱ្យមនុស្សមួយចំនួន បានទទួលយក និងប្រើប្រាស់ដោយភាពភាន់ច្រឡំនាំឱ្យមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិរបស់កម្ពុជាទៀតផង។
ត្រង់ចំណុចនេះ ប្រជាជនជាពិសេសយុវជនកម្ពុជា ចាំបាច់ត្រូវសិក្សាស្វែងយល់ឱ្យស៊ីជម្រៅពីវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតា ព្រមទាំងស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយអំពីខ្លឹមសារនៃថ្ងៃទី១៤ កុម្ភៈ ដែលជាវប្បធម៌ ទំនៀមទម្លាប់នាំចូលពីក្រៅ ដើម្បីបន្ស៊ី និងសម្របទៅតាមបរិបទនៃសង្គមខ្លួន។
សម្រាប់ក្រសួងវប្បធម៌ ទិវានៃក្តីស្រលាញ់នៅកម្ពុជា គួរជាឱកាសមួយក្នុងការចែកចាយ និងធានានូវក្តីស្រលាញ់ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីគោរពស្រលាញ់នៅជុំវិញខ្លួនយើងជាអាទិ៍ ៖ ក្រុមគ្រួសារ, ឱពុកម្តាយ, ប្តី/ប្រពន្ធ និងចំពោះញាតិមិត្ត និងមនុស្សមួយចំនួនដូចជា ជនពិការ, កុមារកំព្រា និងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើម៕