ក្រសួងសេដ្ឋកិច្ច បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចំនួនពីរទំព័រ ក្នុងគោលដៅធានាឱ្យមានការយល់ដឹងច្បាស់លាស់ និងជៀសវាងការភាន់ច្រឡំអំពីគោលបំណងគំនិតផ្តួចផ្តើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
សម្រាប់ក្រសួងសេដ្ឋកិច្ច, យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងការពារទាំងអ្នកចិញ្ចឹម និងអ្នកប្រើប្រាស់។ ក្រសួងបញ្ជាក់ថា យន្តការមួយនេះ នឹងត្រូវយកមកអនុវត្ត ក្នុងករណីដែលមានការខ្វះជ្រូកតែប៉ុណ្ណោះ។
ក្រសួង បានពន្យល់ថា ជាគោលការណ៍ រាជរដ្ឋាភិបាល តែងតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុកឱ្យមានលទ្ធភាពផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ជាមួយនឹងកម្រិតថ្លៃសមរម្យដោយមិនចាំបាច់មានការនាំចូល។ ក្រសួង ថា ការរៀបចំយន្តការដេញថ្លៃនេះ គឺដើម្បីទាក់ទាញក្រុមហ៊ុនចូលរួមឱ្យបានច្រើន ក្នុងការដេញថ្លៃនាំចូលជ្រូករស់សំដៅបង្កើនការប្រកួតប្រជែង និងធានាការផ្គត់ផ្គង់ជ្រូករស់ក្នុងកម្រិតថ្លៃមួយសមរម្យ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពក្នុងការផ្គត់ផ្គង់ជ្រូក ១០០ ភាគរយហើយ ហេតុនេះពុំចាំបាច់អនុវត្តយន្តការដេញថ្លៃជ្រូករស់នាំចូលមកនោះទេ។ ម្យ៉ាងទៀតក្រសួងកសិកម្មបានពិនិត្យឃើញថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អាចធានាការផ្គត់ផ្គង់ជ្រូកនៅលើទីផ្សារបានដោយពុំចាំបាច់នាំចូលទេ។
សម្រាប់លោករដ្ឋមន្ត្រី ការចិញ្ចឹមជ្រូកក្នុងស្រុកនាពេលសព្វថ្ងៃ មិនត្រឹមតែអាចផ្គត់ផ្គង់តម្រូវការបានគ្រប់គ្រាន់ប៉ុណ្ណោះទេ កម្ពុជាក៏មានគម្រោងនឹងនាំចេញនាពេលអនាគតផងដែរ ដោយមានការចរចាជាមួយភាគីចិនដើម្បីនាំចេញនាពេលខាងមុខ ប៉ុន្តែសំខាន់ពេលនេះកម្ពុជាត្រូវផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់សិន។
ក្រសួង សង្កត់ធ្ងន់ថា យន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ដែលកំពុងរៀបចំដោយក្រុមការងារអន្តរក្រសួង ដែលមានក្រសួងសេដ្ឋកិច្ចជាស្ថាប័នដឹកនាំសម្របសម្រួល មានគោលបំណងសំខាន់ គឺជួយលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាព ក្នុងការធ្វើអាជីវកម្មនាំចូលជ្រូករស់។ ក្នុងនោះគឺជាការធានានិរន្តរភាពនៃការចិញ្ចឹមជ្រូករបស់កសិករសំដៅជួយទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងបរិបទនៃប្រក្រតីភាពថ្មី ក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ១៩។
ការលើកឡើងរបស់ក្រសួងសេដ្ឋកិច្ចនេះ គឺធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃនេះមានការបកស្រាយផ្សេងៗគ្នាជុំវិញយន្តការ ការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា ដែលធ្វើឱ្យសាធារណជនមួយចំនួនមានការភ័ន្តច្រឡំ។
ក្នុងន័យនេះ ក្រសួងបានបញ្ជាក់ថា តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ បណ្តាញសារព័ត៌មាន សមាគមអ្នកចិញ្ចឹមសត្វ និងសាធារណជនទាំងអស់នឹងយល់ច្បាស់អំពីខ្លឹមសារ និងគោលបំណងនៃការផ្ដួចផ្ដើមរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ផ្គត់ផ្គង់មកកម្ពុជា៕