ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក មូន ចេ-អ៊ីន ប្រធានាធិបតីកូរ៉េ បានលើកឡើងថា កម្ពុជាគឺជាប្រទេសទី១ ដែលកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ។ លោកបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាប្រទេស ដែលមានអាទិភាពសម្រាប់កូរ៉េ ជាពិសេសពាក់ព័ន្ធទៅនឹងការចុះកិច្ចព្រមព្រៀងនេះ។ នេះបើយោងតាមផេកផ្លូវការរបស់សម្តេច ហ៊ុន សែន ដែលបង្ហោះនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
បើតាមលោកប្រធានាធិបតីកូរ៉េ កូរ៉េ-កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ហើយប្រទេសទាំងពីរ ក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ហើយលោកសង្ឃឹមថា ប្រទេសទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាបន្តទៀត។ លោក ថា ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កូរ៉េ បានបញ្ចប់នីតិវិធីហើយ ហើយកំពុងតែបញ្ជូនទៅសភារបស់សាធារណរដ្ឋកូរ៉េ ដើម្បីផ្ដល់សច្ចាប័ន ដូច្នេះនីតិវិធីនេះបាននិងកំពុងបន្តនៅឡើយ។
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជា ក៏បានបញ្ចប់នីតិវិធីផ្ទៃក្នុង ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ផងដែរ។ សម្តេចស្នើសុំឱ្យភាគីកូរ៉េជួយពន្លឿនការផ្ដល់សច្ចាប័ន ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។
សូមរម្លឹកជូនថា ព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហស្ថលេខាដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ ក្រោយពីឆ្លងការពិនិត្យរួចរាល់ពីរដ្ឋសភា និងព្រឹទ្ធសភា។ ការប្រកាសឱ្យប្រើប្រាស់នូវច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង គឺជាការបើកផ្លូវដើម្បីឱ្យកម្ពុជា និងកូរ៉េខាងត្បូង អាចអនុវត្តដោយពេញលេញនូវការធ្វើពាណិជ្ជកម្មសេរីរវាងគ្នា។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានក្រុមការងារជំនាញនៃប្រទេសទាំងពីរ បានពិភាក្សា និងតាក់តែងឡើងកាលពីឆ្នាំ២០២១។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងលោក YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១៕