រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងថា បច្ចុប្បន្នវីរុសកូវីដ១៩ ប្រភេទអូមីក្រុង បាននឹងកំពុងចរាចរឆ្លងយ៉ាងលឿននៅក្នុងសហគមន៍ហើយ។ ត្រង់ចំណុចនេះ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងនាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៣ និងដូសជំរុញ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមលោកស្រីវេជ្ជបណ្ឌិត បច្ចុប្បន្នចំនួនតួលេខនៃអ្នកបានឆ្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុងគឺមានចំនួនជាង៣ខ្ទង់ជារៀងរាល់ថ្ងៃ ដែលជាបញ្ហាមួយគួរឱ្យព្រួយបារម្ភខ្លាំង ដែលទាមទារឱ្យបុគ្គលគ្រប់រូបបន្តអនុវត្តវិធានការបង្ការការចម្លងវីរុសកូវីដ១៩នេះ ឱ្យបានហ្មត់ចត់ជាទីបំផុតពីឥឡូវនេះតទៅ។
លោកស្រីវេជ្ជបណ្ឌិត បានសង្កត់ធ្ងន់ថា “យើងរួមគ្នាអនុវត្តពីឥឡូវនេះតទៅ និងកាត់បន្ថយការជួបជុំមនុស្សម្នាច្រើន ព្រមទាំងការប្រមូលផ្តុំគ្នាបរិភោគអាហារក្នុងទ្រង់ទ្រាយធំជាចាំបាច់ ទើបយើងចៀសផុតពីមហន្តរាយសុខភាពសាធារណៈ និងការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩”៕