ប្រជាពលរដ្ឋ​ និង​យុវជន​ខ្មែរ​ព្រមទាំង​ពលរដ្ឋ​កូរ៉េ ​ចេញមក​ទទួល​ស្វាគមន៍​សម្តេច ហ៊ុន សែន គ្រា សម្តេច​អញ្ជើញ​ដល់​សណ្ឋាគារ​ស្នាក់នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល

ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​ ព្រមទាំង​ពលរដ្ឋ​កូរ៉េ ​បាន​ចេញមក​ទទួល​ស្វាគមន៍ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គ្រា​ដែល​សម្តេច​ បាន​អញ្ជើញ​ដល់​សណ្ឋាគារ​ស្នាក់នៅ​ក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​។ នេះ​បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​សម្តេច​ ដែល​បាន​បង្ហោះ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ប្រភព​ដដែល បាន​បញ្ជាក់​ថា សកម្មភាព​ចេញមក​ទទួល​ស្វាគមន៍​សម្តេចនាយករ​ដ្ឋ​មន្ត្រី​នេះ គឺជា​បង្ហាញ​នូវ​ការ​គោរព​ស្រឡាញ់​គាំទ្រ​ចំពោះ​សម្តេច ហ៊ុន សែន ដែល​បាន​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ និង​រីកចម្រើន​មកទល់​សព្វថ្ងៃ និង​បាន​ចូលរួម​ខិតខំ​ជួយ​ជំរុញ​និង​លើក​តម្កើង​នូវ​សន្តិភាព​ដល់​ពិភពលោក​ទៀតផង​។​

​គួរ​ជម្រាប​ជូន​ថា សម្តេច​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​កម្ពុជា ​បាន​ចាក​ចេញពី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១០ កុម្ភៈ​នេះ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ ក្រោម​មូលបទ “​ឆ្ពោះទៅកាន់​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​”​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​សេ​អ៊ូ​ល​នោះ សម្តេច​នឹងមាន​ជំនួប​ជាមួយ​លោក មូ​ន ចេ​-​អ៊ី​ន (Moon Jae-in) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នយោបាយ សេដ្ឋកិច្ច និង​សង្គម​-​វប្បធម៌​។​ល​។ សម្តេច ​នឹងមាន​ជំនួប​ជាមួយ​លោក បាន គី​-​មូ​ន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ជួប​ឥស្សរជន​នយោបាយ និង​ធុរជន​ផ្សេងទៀត​ផងដែរ​៕​