ក្នុងជំនួបជាមួយលោក មូន ចេ-អ៊ីន ប្រធានាធិបតីកូរ៉េ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកយកបញ្ហាវិនិយោគ ទំនាក់ទំនងការទូត ពាណិជ្ជកម្មរវាងកម្ពុជា-កូរ៉េ ដើម្បីលើកយកមកជជែកពិភាក្សាជាមួយភាគីកូរ៉េ។
យោងតាមផេកផ្លូវការរបស់សម្តេច ដែលបានបង្ហោះនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានលើកឡើងថា ពាក់ព័ន្ធវិស័យវិនិយោគ សម្តេច ហ៊ុន សែន ស្នើសុំឱ្យភាគីកូរ៉េគាំទ្រឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជា ជាពិសេសទាក់ទងទៅនឹងរោងចក្រកែច្នៃមួយចំនួន។
ជាមួយគ្នានេះ សម្ដេចបានស្នើដោយត្រង់ទៅកាន់លោកប្រធានាធិបតីកូរ៉េ គាំទ្រដល់រូបមន្ត១បូក មានន័យថា បើសិនជាក្រុមហ៊ុនកូរ៉េមានការវិនិយោគនៅថៃ និងវៀតណាម ក៏អាចបន្ថែមការវិនិយោគនៅកម្ពុជា។ សម្តេចក៏ស្នើឲ្យកូរ៉េមានការគាំទ្រ ក៏ដូចជាមានកិច្ចសហប្រតិបត្តិការ ជាពិសេសលើផ្នែកកសិឧស្សាហកម្ម និងការកែច្នៃផលិតផល ដូចជាផលិតផលកសិកម្មជាដើម ដើម្បីធ្វើការនាំចេញទៅកាន់ប្រទេសកូរ៉េ ។
ដោយឡែកពាក់ព័ន្ធនឹងការវិនិយោគវិញ សម្តេចក៏បានលើកឡើងពីឱកាសល្អសម្រាប់អ្នកវិនិយោគ ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។ ក្នុងន័យនេះសម្តេចក៏បានស្នើឲ្យលោកប្រធានាធិបតីកូរ៉េ ជួយជំរុញអ្នកវិនិយោគទុនពីប្រទេសកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនថែមទៀត។
ដោយសារតែសម្ដេចជាសហស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ ហើយឆ្នាំនេះគឺជាខួប២៥ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេភាគីរវាងប្រទេសទាំងពីរនោះ សម្ដេចថាប្រទេសយើងទាំងពីរគួររៀបចំឲ្យមានសកម្មភាពដើម្បីអបអរសាទរខួបទំនាក់ទំនងការទូតនេះ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក៏ដូចជាទំនាក់ទំនង ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក មូន ចេ-អ៊ីន ប្រធានាធិបតីកូរ៉េ បានបញ្ជាក់ថា កម្ពុជាគឺជាអតិភាពសម្រាប់កូរ៉េ ជាពិសេសពាក់ព័ន្ធទៅនឹងការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយកម្ពុជាគឺជាប្រទេសទី១ហើយ ដែលកូរ៉េបានចុះហត្ថលេខាជាមួយនេះ។
លោក បន្តថា ប្រទេសយើងទាំងពីរ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ហើយក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អ ហើយយើងសង្ឃឹមថា នឹងបន្តធ្វើការជាមួយគ្នាបន្តទៀត។ លោក កូរ៉េនឹងបន្តធ្វើការជាមួយនឹងកម្ពុជាជាបន្តទៀត ហើយបច្ចុប្បន្ននេះក្រុមហ៊ុនកូរ៉េប្រមាណជា៣០០ក្រុមហ៊ុន កំពុងតែវិនិយោគនៅកម្ពុជា៕