ថ្ងៃទី១៤ នៃការឃោសនាបោះឆ្នោតឆ្នាំ២០២៣ មានគណបក្សនយោបាយ ១២ ធ្វើសកម្មភាពឃោសនាបោះឆ្នោត

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃទី១៤ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ ក្នុងចំណោមគណបក្សទាំង ១៨ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ឱ្យដឹងថា គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ មណ្ឌលខេត្តកណ្ដាល និងមណ្ឌលខេត្តព្រៃវែង។ គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រះវិហារ មណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តព្រៃវែង។គណបក្សខ្មែររួបរួមជាតិ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តក្រចេះ។ គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពត និង គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ឆ្នាំង។

គ.ជ.ប បញ្ជាក់ទៀតថា ចំណែកគណបក្សនយោបាយ ចំនួន ៧ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សធម្មាធិបតេយ្យ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សបំណងពលរដ្ឋ និងគណបក្សកសិករ បានធ្វើការឃោសនាបោះឆ្នោតតាមរយៈសកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅទីសាធារណៈ ប្រគំតន្រ្តី សម្ដែងសិល្បៈ ចាក់បញ្ចាំងស្លាយ (Slide) វីដេអូ នៅតាមមណ្ឌលបោះឆ្នោតដែលខ្លួនឈរឈ្មោះ។

បើតាម គ.ជ. ប ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីដប់បួននេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។

សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕