ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ( ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធការអនុវត្តតួនាទីនិងភារកិច្ចរបស់មន្ត្រីសាខា ក.ប.ប. ទៅលើស្ថានីយប្រេងឥន្ធនៈមួយកន្លែងនៅស្រុកគិរីវង់ ខេត្តតាកែវ។
ការចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៣ ក្រោយពីពិនិត្យឃើញថា នៅពេលថ្មីៗនេះ មានបុគ្គល និង សារព័ត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយក្នុងប្រព័ន្ធទំនាក់ទំនងសង្គម (Facebook) ដោយចោទប្រកាន់ថា មានមន្ត្រីស្លៀកពាក់ឯកសណ្ឋានបន្លំមួយក្រុម ចុះអនុវត្តភារកិច្ចដោយគ្មានលិខិតបញ្ហាបេសកកម្ម និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន បានបិទសៀលឬស្កុតប្លាស្ទិកយ៉ាងគឃ្លីន មិនសួរនាំដល់ម្ចាស់ដេប៉ូ និងប្រើប្រាស់ ឈ្មោះអភិបាលខេត្តនិងព្រះរាជអាជ្ញាសំឡុត គំរាមទារប្រាក់ខុសច្បាប់ដោយគ្មានមូលហេតុ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ អគ្គនាយកដ្ឋាន ក.ប.ប. បានបំភ្លឺថា កាលពីវេលាម៉ោង១៥:០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ មន្រ្តីស៊ើបអង្កេតនៃសាខា ក.ប.ប. ខេត្តតាកែវ ដោយមានកិច្ចសហការពីមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យដេប៉ូលក់ ប្រេងឥន្ធនៈមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ក្នុងគោលបំណងចុះត្រួតពិនិត្យ ទប់ស្កាត់នូវអំពើនិងការអនុវត្តមិនសុចរិត ក្នុងធុរកិច្ចវិស័យប្រេងឥន្ធនៈ។
អគ្គនាយកដ្ឋាន ក.ប.ប. បន្តថា ក្នុងកំឡុងពេលចុះអនុវត្តភារកិច្ច មន្ត្រីសាខា ក.ប.ប. មានស្លៀកពាក់ឯកសណ្ឋានការងារ មានស្លាក ឈ្មោះ និងអគ្គលេខនៅជាប់អាវ និងបានជម្រាបជូនតំណាងម្ចាស់ដេប៉ូអំពីគោលបំណងនៃការ ចុះត្រួតពិនិត្យរបស់មន្ត្រីមានសមត្ថកិច្ចដោយអនុលោមតាមមាត្រា៤ នៃអនុក្រឹត្យលេខ១០៤ អនក្រ.បក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ស្តីពីឯកសណ្ឋាន សញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់ មន្ត្រីរាជការ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.)។
យោងតាមប្រការ៧ កថាខណ្ឌទី១ នៃប្រកាសលេខ១៨៣ ព.ណ អ.កបប.ប្រក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពីបែបបទនិងនីតិវិធីនៃការត្រួតពិនិត្យនិងស៊ើបអង្កេត ក្រោមច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ បានកំណត់ថា៖ “មន្ត្រីស៊ើបអង្កេតអាចចូលទៅកាន់ទីតាំងណាមួយ ក្នុងម៉ោងធ្វើធុរកិច្ចធម្មតា ដើម្បីត្រួតពិនិត្យនិងស៊ើបអង្កេតបទល្មើសក្រោមច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់។ ដោយអនុវត្តតាម ខ្លឹមសារនៃប្រកាសនេះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. មានសិទ្ធិពេញលេញក្នុង ការចូលទៅកាន់ទីតាំងណាមួយដែលកំពុងបើកធ្វើអាជីវកម្ម ដើម្បីធ្វើការត្រួតពិនិត្យបឋម។
ដោយទទួលបានការឯកភាពពីម្ចាស់ដេប៉ូ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើការ ត្រួតពិនិត្យ និងបានរកឃើញថា ដេប៉ូលក់ប្រេងដែលមានទីតាំងស្ថិតនៅភូមិពោធិ៍ ឃុំព្រះបាទ ជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បានលក់ប្រេងជូនអតិថិជនមានកម្រិតលំអៀង (មិនគ្រប់លីត្រ) ក្នុងបរិមាណ ៧,៤៥ លីត្រ ក្នុង ១០០លីត្រ សម្រាប់ប្រេងម៉ាស៊ូត និង ៦,៥៥លីត្រ ក្នុង១០០លីត្រ សម្រាប់ប្រេងសាំង។
អំពើកេងបន្លំបរិមាណនេះ ត្រូវបានចាត់ទុកថាជាអំពើនិងការអនុវត្តមិនសុចរិត ក្នុងធុរកិច្ច ដែលបំពានទៅនឹងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងត្រូវទទួលរងការពិន័យ អន្តរការណ៍ពីមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលទទួលនីតិសម្បទាជានគរបាលយុត្តិធម៌។ ដោយមិនទទួលបានកិច្ចសហការពីម្ចាស់ដេប៉ូ មន្ត្រីមានសមត្ថកិច្ចបានស្នើសុំការអនុញ្ញាតពីព្រះរាជអាជ្ញ អមសាលាដំបូងខេត្តតាកែវ ដើម្បីបិទសៀលជាបណ្តោះអាសន្ន និងតម្រូវឱ្យម្ចាស់ដេប៉ូចូលខ្លួនមក ដោះស្រាយតាមនីតិវិធី។
ក្រោយការបិទសៀល ម្ចាស់ដេប៉ូមិនត្រឹមតែមិនបានផ្ដល់កិច្ចសហការជាមួយមន្ត្រីមានសមត្ថកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែនៅបានកាត់ផ្តាច់សៀលដោយឯកឯង ដែលនេះជាអំពើបំផ្លិចបំផ្លាញ ឬគែបំបាត់ វត្ថុដែលមានបិទស្លាកបោះត្រាដោយអាជ្ញាធរមានសមត្ថកិច្ច និងត្រូវបានបញ្ញត្តិនៅក្នុងមាត្រា៥៣៥ (បទបំផ្លាញស្លាកដែលបោះត្រា) និងមាត្រា៥៣៦ (បទបំផ្លិចបំផ្លាញ ឬគេបំបាត់វត្ថុដែលមាន បិទស្លាកបោះត្រា) ព្រមទាំងបានធ្វើការប្រមាថចំពោះអ្នករាជការសាធារណៈដែលបញ្ញត្តិនៅក្នុង មាត្រា៥០២ – (បទប្រមាថ) នៃក្រមព្រហ្មទណ្ឌ (សូមភ្ជាប់ជូនក្នុងឧបសម្ព័ន្ធទី៣នៃសេចក្តីបំភ្លឺ ព័ត៌មាននេះ)។ ចំពោះករណីនេះ មន្ត្រីមានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ចូនទៅតុលាការ មានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធីបន្ត៕