សម្តេច ហ៊ុន សែន ប្រកាសរៀបចំធ្វើពិធីបុណ្យអុំទូកដ៏ធំនៅចុងឆ្នាំនេះ

ពោធិ៍សាត់៖ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល បានប្រកាស ឱ្យត្រៀមរៀបចំ និងចូលរួមទៅលេងកម្សាន្តក្នុងពិធីបុណ្យអុំទូកនៅចុងឆ្នាំនេះ ពីព្រោះរាជរដ្ឋាភិបាល នឹងរៀបចំធ្វើពិធីបុណ្យនេះ ដ៏ធំផងដែរ។

ការប្រកាសរបស់សម្តេច ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពេលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេច ហ៊ុន សែន បញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ បុណ្យអុំទូកធំនេះ ក្រោយពីកម្ពុជា បានផ្អាកការរៀបចំកាលពីឆ្នាំមុន ដោយសារតែកម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលមានមេដឹកនាំប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលសំខាន់ៗមកពីតំបន់ និងពិភពលោក ចូលរួមកិច្ចប្រជុំនេះ ។

សម្តេច ហ៊ុន សែន ថ្លែង៖ “ឆ្នាំហ្នឹង ប្រាប់ទូទាំងប្រទេស ត្រៀមទូកប្រណាំង យើងធ្វើធំនៅទីក្រុងភ្នំពេញ”។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏នឹងរៀបចំពិធីបុណ្យឯករាជ្យ ឱ្យធំផងដែរ ។

យោងតាមប្រតិទិនបង្ហាញថា ពិធីបុណ្យអុំទូក នៅឆ្នាំ ២០២៣នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលខាងមុខ៕