កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹង ក្រុមហ៊ុនចិន ចាប់អារម្មណ៍ លើការបណ្តាក់ទុនវិនិយោគលើវិស័យសំខាន់ៗចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។
លោក វ៉ី សំណាង នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៣ បានឱ្យដឹងថា លោក បានប្រកាស ស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូមកពីខេត្តហឺណាន ដែលបានមកដល់ទឹកដីខេត្តកំពង់ស្ពឺដើម្បីសិក្សាស្វែងរកឱកាសវិនិយោគទៅលើវិស័យឧស្សាហកម្ម វិស័យកសិឧស្សាហកម្ម និងវិស័យកសិកម្ម។
លោក រំពឹងថា ក្រោយការសិក្សារបស់ក្រុមការងារទាំងអស់នេះ នោះរោងចក្រ សហគ្រាស ក៏ដូចជាវិស័យដាំដុះ និងចិញ្ចឹមត្រូវបានកើនឡើងនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ ជាបន្ថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេច ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល នៅក្នុងជំនួបសំណេះសំណាលជាមួយកម្មករ កម្មរិនី នៅក្នុងខេត្តកំពង់ស្ពឺ កាលពីពេលថ្មីៗនេះ ឱ្យដឹងថា ខេត្តកំពង់ស្ពឺ ជាខេត្តទី ២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលទាក់ទាញរោងចក្រ សហគ្រាស និង តំបន់សេដ្ឋកិច្ចពិសេស ច្រើន ។
សម្តេច បន្តថា ខេត្តកំពង់ស្ពឹ មានសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ពីព្រោះខេត្តនេះ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់កំពង់ផែក្រុងព្រះសីហនុ និងជាខេត្ត បាននឹងកំពុងប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ចពហុបំណង នៃទិសនារតី៕