ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកគ្នា ខណៈដែលមានម៉ូតូមួយគ្រឿងកំពុងឆ្លងផ្លូវ កាលពីវេលាម៉ោង៧និង១៥នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ ចំណុចច្រកឡើងផ្លូវល្បឿនលឿន ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
របាការណ៍សមត្ថកិច្ច ឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ឈ្មោះ សុះ រី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូរថយន្ត នៅក្រុមហ៊ុន តេង ឡាយ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះឈ្មោះ សុះ រី ជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៩ ពាក់ស្លាកលេខ ពោធិសាត់ 1H-4919 ជិះចេញពីក្រុមហ៊ុនទៅរកទិញទឹកកក លុះជិះឆ្លងផ្លូវពីកើតទៅលិចមកវិញ ស្រាប់តែ ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ ព្រៃវែង 1W-1410 ជិះពីត្បូងទៅជើងល្បឿនលឿន ជ្រុលមកបុកពេញទំហឹង បណ្តាលឲ្យស្លាប់ជនរងគ្រោះម្នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ។
ជនរងគ្រោះរបួសធ្ងន់ម្នាក់ ក្រោយហេតុត្រូវបានរថយន្តគ្លីនិកឯកជនរស្មី ដឹកយកទៅ ចំណែកសាកសពជនរងគ្រោះម្នាក់ទៀត បន្ទាប់ពីសមត្ថកិច្ចពិនិត្យ ធ្វើឯកសាររួចប្រគល់ជូនសាច់ញាតិ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត។ ដោយឡែកមធ្យោបាយទាំង២គ្រឿង ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕