គ.ជ.ប ៖ គ្រប់គណបក្សនយោបាយនឹងចូលរួមគោរពច្បាប់ ក្នុងការឃោសនាបោះឆ្នោត

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សង្ឃឹមថា គ្រប់គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការតាមការអំពាវនាវក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយគោរពច្បាប់ជាធរមាន ដើម្បីឲ្យការឃោសនា បោះឆ្នោតនេះ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសិទ្ធិរបស់គណបក្សនយោបាយ និងសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីអំពាវនាវរបស់គ.ជ.ប នាថ្ងៃ២៦ មិថុនា ។

ការចេញមុខមកអំពាវនាវរបស់គ.ជ.បដែលជាអ្នកទទួលខុសត្រូវក្នុងការរៀបចំបោះឆ្នោតនេះ ធ្វើឡើងមុន៥ថ្ងៃឃោសនាបោះឆ្នោតដែលនឹងឈានចូលមកដល់នាថ្ងៃ១-២១កក្កដា ខាងមុខ។

គ.ជ.ប បានអំពាវនាវថា គណបក្សនយោបាយទាំង១៨ បេក្ខជន និងអ្នកគាំទ្រត្រូវគោរពតាមក្រមសីលធម៌ និងគោលការណ៍នានា ដើម្បីឲ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។

តាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ (ច.ប.ត.រ) ការឃោសនាបោះឆ្នោតមានទិសដៅឲ្យគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើការផ្សព្វផ្សាយកម្មវិធីនយោបាយ របស់ខ្លួនជូនអ្នកបោះឆ្នោត។ ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។

ជាមួយគ្នានេះ គ.ជ.ប ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឲ្យគណបក្សនយោបាយនីមួយៗ អាចអនុវត្ត កម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្តទៅដោយស្មើភាពគ្នា៕