ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំអាជ្ញាធរលើកកម្ពស់សមត្ថភាពសិក្សាស្រាវជ្រាវ ដើម្បីឈានទៅវែកមុខ និងបង្ក្រាបឲ្យបានជនដែលជាមេខ្លោង ឬជនជាខ្នងបង្អែក នៃបទល្មើសគ្រឿងញៀន។
តាមរយៈសារលិខិតរបស់ សម្ដេចហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថា ចំពោះរាជធានី-ខេត្ត ដែលប្រឈមខ្ពស់នឹងបញ្ហាគ្រឿងញៀន ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្ត ផែនការ ភូមិ ឃុំ សង្កាត់ គ្មានគ្រឿងញៀន ដែលរាជរដ្ឋាភិបាលបានអនុម័ត និងដាក់ឲ្យអនុវត្តនាពេលកន្លងទៅ។
សម្ដេចលើកឡើងថា «មន្ត្រីអនុវត្តច្បាប់គ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត និងគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានខ្ជាប់ខ្ជួន។ ជាមួយគ្នានេះ ក៏ត្រូវយកចិត្តទុកដាក់លើកកម្ពស់សមត្ថភាព សិក្សាស្រាវជ្រាវ ដើម្បីឈានទៅវែកមុខ និងបង្ក្រាបឲ្យបាននូវជនដែលជាមេខ្លោង ឬជនដែលជាខ្នងបង្អែកនៃ បទល្មើស ក៏ដូចជាឈានទៅបង្ការ និងទប់ស្កាត់ឲ្យបាននូវរាល់អំពើពាក់ព័ន្ធនឹងការសម្អាតប្រាក់ ដែលបានមកពី បទល្មើសគ្រឿងញៀន»។
បន្ថែមលើនោះ សម្ដេច ក៏បានណែនាំមន្ត្រីអនុវត្តច្បាប់ត្រូវចូលរួមអប់រំ និងលើកទឹកចិត្តអ្នកញៀនគ្រឿងញៀន ឲ្យបញ្ឈប់ការប្រើប្រាស់ និងជំរុញឲ្យទៅទទួលការព្យាបាល និងស្តារនីតិសម្បទាឲ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសរាល់បញ្ហាធ្ងន់ធ្ងរ ដែលកើតឡើងដោយសារឥទ្ធិពលអាក្រក់នៃគ្រឿងញៀន។
សម្ដេចនាយករដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់ក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន ត្រូវពង្រឹងការយកចិត្តទុកដាក់គ្រប់គ្រង ត្រួតពិនិត្យ និងការធ្វើអធិការកិច្ចលើការនាំចូល ការចែកចាយ និងការប្រើប្រាស់សារធាតុគីមីផ្សំឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ ដើម្បីអាចធានាមិនឲ្យមានការលួចបង្វែរសារធាតុគីមី ផ្សំពីការប្រើប្រាស់ស្របច្បាប់យកទៅផលិតគ្រឿងញៀនខុសច្បាប់៕