ភ្នំពេញ៖ លោក ជួប សុខចំរើន នាយកប្រតិបត្តិអង្គការខាណា បានរកឃើញថា ជារៀងរាល់ថ្ងៃមានមនុស្សចំនួន ៣ នាក់បានឆ្លងមេរោគអេដស៍ថ្មី ដែលភាគច្រើនកើតឡើងលើអ្នកដែលស្រឡាញ់ភេទដូចគ្នា ជាពិសេសបុរសស្រឡាញ់បុរស ។
លោក ជួប សុខចំរើន ប្រាប់អង្គភាព Khmer CM នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះថា ក្នុងចំណោមអ្នកឆ្លងថ្មី ១១០០ នាក់ គឺ បុរស និងក្មេងប្រុស មានរហូតដល់ ៧១ភាគរយ។ ក្រុមមនុស្សដែលឆ្លងមេរោគអេដស៍ច្រើនជាងគេ គឺជាក្រុមមនុស្សដែលស្ថិតក្នុងអាយុ ចន្លោះពី ១៥ ទៅ ២៤ ឆ្នាំ ក្នុងចំណោមអ្នកឆ្លងថ្មី គឺប្រមាណ ៤២% គឺជាក្រុមដែលមានវ័យពី ១៥ ទៅ ២៤ ឆ្នាំ។
លោកបន្តថា ទិន្នន័យនៃការជំរឿនសុខភាពនិងប្រជាសាស្ត្រ (DHS) 2021-2022 បានបង្ហាញថា មានតែក្រុមយុវវ័យ អាយុ ១៥ ទៅ ២៤ ឆ្នាំ ប្រមាណ ២៣ ភាគរយ ប៉ុណ្ណោះដែលមានចំណេះ ដឹងទូលំទូលាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ដែលតួលេខនេះ មានការធ្លាក់ចុះពី ៣៨% ក្នុងឆ្នាំ២០១៤ និង ធ្លាក់ចុះ ពី ៤៤% ក្នុងឆ្នាំ២០១០។
លោកបន្ថែមថា នៅត្រឹមឆ្នាំ២០២៥ កម្ពុជាប្រាថ្នាចង់ឃើញការឆ្លងថ្មីស្ថិតក្នុងចំនួន ឬតិចជាង ២៥០ ករណី ក្នុងមួយឆ្នាំ។ ដូច្នេះការខិតខំពីឥឡូវ ដល់ឆ្នាំ២០២៥ សម្រាប់ពេល វេលាដែលមាននៅតិចណាស់ ហើយគប្បីត្រូវបន្ថែមល្បឿន ដើម្បីផ្សព្វផ្សាយអោយមានការយល់ដឹងកាន់តែទូលំទូលាយអំពីការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងចំណោមក្រុមមនុស្សដែលមានវ័យពី ១៥ ដល់ ២៤ ឆ្នាំ។
តាមឯកសារដែលចេញផ្សាយដោយ អង្គការ UNAIDS – Factsheet 2022 – Cambodia HIV Statistic នៅកម្ពុជាមានអ្នករស់នៅដែលមានផ្ទុកមេរោគអេដស៍ ចំនួន ៧៤០០០ នាក់ ក្នុងឆ្នាំ២០២១ ហើយករណីឆ្លងថ្មីនៃមេរោគអេដស៍ គឺមានចំនួន ១១០០ នាក់ ក្នុងឆ្នាំ២០២១ ហើយគិតត្រឹមឆ្នាំ២០២១ អ្នកដែលផ្ទុកមេរោគអេដស៍កំពុងទទួលបានការព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគអេដស៍ គឺមានចំនួន ៦២៥៦១ នាក់។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានបង្ហាញពីការព្រួយបារម្ភចំពោះការកើនឡើង នៃអត្រាឆ្លងមេរោគអេដស៍នៅកម្ពុជា ខណៈអ្នកកើតជំងឺអេដស៍ឆ្នាំ២០២២ កើនឡើងប្រមាណ ៣០០នាក់ ធៀបនឹងឆ្នាំ២០២១។
សម្តេច ហ៊ុន សែន បន្តថា ជំងឺអេដស៍នៅកម្ពុជា មិនទាន់ចប់នៅឡើយ ផ្ទុយទៅវិញ អ្នកកើតជំងឺអេដស៍ឆ្នាំ២០២២ កើនឡើងប្រមាណ ៣០០នាក់ ធៀបនឹងឆ្នាំ២០២១។ ការកើនឡើងនេះ ក្នុងចំណោមអ្នកស្រឡាញ់ភេទដូចគ្នា៕