សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ “ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ” នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាមួយលោកស្រីបណ្ឌិត ហាក់ ចាហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និង លោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជានៅថ្ងៃទី៨ កុម្ភៈនេះ។
ប្រភពដដែល បានបន្តថា ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹមក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេច នឹងជួបជាមួយ លោក មូន ចេ-អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។ ភាគីទាំងពីរនឹងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។
ក្រៅពីជួបជាមួយប្រធានាធិបតីកូរ៉េ សម្តេចក៏នឹងជួបជាមួយលោក បាន គី-មូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ហើយក៏នឹងជួបជាមួយប្រមុខ/រដ្ឋាភិបាលនៃប្រទេសមួយចំនួន រួមជាមួយឥស្សរជននយោបាយ និងធុរជនផ្សេងទៀតផងដែរ។
ក្រសួង បានបន្តថា ដោយឡែកនៅថ្ងៃទី១២ កុម្ភៈ កិច្ចប្រជុំកំពូល នឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់ សម្តេច ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេចក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕