សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ស្របពេលដែលចំនួនអ្នកឆ្លងកូវីដ១៩ មានការកើនឡើងខ្ពស់ជារៀងរាល់ថ្ងៃ។ ជាក់ស្តែងនៅថ្ងៃនេះចំនួនអ្នកឆ្លងជំងឺមួយនេះឡើងជាង២០០ករណី ដែលជាតួលេខមួយគួរឱ្យមានការព្រួយបារម្ភ។
ក្នុងសារសំឡេងរបស់សម្តេច ដែលត្រូវបានចែកចាយនៅលើប្រព័ន្ធតេឡាក្រាមនៅយប់ថ្ងៃទី៨ កុម្ភៈនេះ សម្តេច បានសង្កត់ធ្ងន់ថា ស្ថានភាពបែបនេះ តម្រូវឱ្យមានវិធានការជាបន្ទាន់បន្ថែមទៅលើវិធានការដែលបានដាក់ចេញរួចមកហើយនាពេលកន្លងមកនេះ។
ប្រឈមមុខនឹងបញ្ហានេះ សម្តេចបន្តអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសយកចិត្តទុកដាក់លើការការពារខ្លួនជាចាំបាច់ក្នុងនោះការកាត់បន្ថយការការជួបជុំ និងការប្រមូលផ្តុំគ្នា រួមជាមួយការបន្តការអនុវត្តវិធានការសុខាភិបាលបីកុំ និងបីការពារឱ្យបានត្រឹមត្រូវ។ សម្តេច សង្កត់ថា ប្រសិនបើប្រជាពលរដ្ឋអនុវត្តន៍បាននូវវិធានការការពារនេះបានត្រឹមត្រូវការឆ្លងជំងឺកូវីដ១៩នេះ ក៏មិនឆ្លងរីករាលដាលធ្ងន់ធ្ងរដូចពេលនេះដែរ។
សម្តេច បានបន្តថា បន្ទាប់ពីការចូលឆ្នាំចិន-វៀតណាមរួចហើយសង្កេតឃើញថា កម្ពុជា ថៃ វៀតណាម ក៏ដូចជាបណ្តាប្រទេសអាស៊ានដទៃទៀតគឺសុទ្ធតែមានការកើនឡើងការឆ្លងជំងឺកូវីដ១៩។ ត្រង់ចំណុចនេះ ប្រជាពលរដ្ឋត្រូវកាត់បន្ថយការជួបជុំ ផឹកស៊ី កម្សាន្តសប្បាយ ដើម្បីធានារក្សានូវគម្លាតសុវត្ថិភាពសម្រាប់ការការពារការឆ្លង បើទោះបីជាមេរោគឆ្លងបច្ចុប្បន្ននៅកម្ពុជាពុំមែនជាមេរោគប្រភេទឌែលតា និងអាល់ហ្វា ដែលជាជំងឺកាចសាហាវឆក់យកជីវិតរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដូចចុះ។ ប៉ុន្តែមេរោគអូមីក្រុងបានមកជំនួសជាមួយនឹងជំងឺដែលធ្លាប់មាន បើទោះបីជាជំងឺនេះវាស្រាល។
សម្តេច បានបញ្ជាក់ថា ”ពិតមែនតែជំងឺនេះ(អូមីក្រុង) ប្រៀបធៀបជាមួយឌែលតា និងអាល់ហ្វា ក៏ប៉ុន្តែបើការឆ្លងនេះនៅតែកើនឡើងខ្ពស់។ វានឹងនាំទៅដល់គ្រោះថ្នាក់ដែលអាចសាយភាយចេញពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ដោយឥឡូវនេះខេត្តមួយចំនួនពុំមានករណីឆ្លងទេ។ ប៉ុន្តែករណីនៅទីក្រុងភ្នំពេញបែរជាមានចំនួនឆ្លងច្រើនដែលត្រូវយកចិត្តទុក”៕