លោក ឌួង ងៀប សម្រេច​ដើរចូល​គុក​ដោយ​ខ្លួនឯង បន្ទាប់ពី​រង​ភាព​អយុត្តិធម៌​នៅក្នុង​ដំណើរការ​នីតិវិធី​តុលាការ​

លោក ឌួង ងៀប ដែល​ត្រូវបាន​គេ​ដឹងថា ​មាន​ងារ​ជា​ឧកញ៉ា និង​ជា​អ្នកជំនួញ​ដ៏​ល្បី​មួយរូប​ដែរនោះ នៅ​ថ្ងៃទី​៨ កុម្ភៈ​នេះ បានសម្រេច​ដើរចូល​គុក​ដោយ​ខ្លួនឯង បន្ទាប់ពី​រូបលោក​អះអាងថា លោក​រង​ភាពអយុត្តិធម៌​ជាខ្លាំង​នៅក្នុង​ដំណើរការ​នីតិវិធី​នៅក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​លោក​រង​ការចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​បទល្មើស ​ ឆបោក​លុយ​ជនជាតិ​តៃវ៉ាន់ ខណៈដែល​លោក​មិន​ជាប់​ពាក់ព័ន្ធ​អ្វី​ទាល់តែសោះ​ក្នុង​រឿងនេះ​។​

​ឈរ​នៅ​ចំ​ពីមុខ​ខ្លោងទ្វារ​ពន្ធនាគារ​ព្រៃ​ស រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​ ទី​៨ កុម្ភៈ លោក ឌួង ងៀប ដែលជា​អ្នកជំនួញ​ដ៏​ល្បី​មួយរូប​ក្នុងសង្គម​កម្ពុជា​នោះ បាន​និយាយថា “​ខ្ញុំ​អស់​លុយ​ហើយ ឥឡូវ​តុលា​ការហៅ​ខ្ញុំ​ទៅ​សួរ​អី នាំខ្លួន ចាប់ខ្លួន​អី ឥឡូវ​ខ្ញុំ​ចូល​គុក​ខ្លួនឯង​តែម្តង​ទ​ទៅ ចេញ​ដីកាឃុំខ្លួន​ខ្ញុំ​ចុះ​”​។​

​លោក បាន​បញ្ជាក់ថា “​ទៅដល់​តុលាការ​ទាល់តែ​កាន់​លុយ​ទៅបាន​រួចខ្លួន បើ​មិន​អញ្ចឹងទេ មិន​រួចខ្លួន​ទេ រួច​ឥឡូវ​តែ​ខែក្រោយ​ទៀត​គេ​កោះ​ហោ​ទៀត​។ ឥឡូវ​បើ​ថា​ខ្ញុំ​ខុស​ធ្វើទៅ យក​ខ្ញុំ​ឃុំ​ដាក់គុក​ម្តង​ទៅ​”​។​

​សម្រាប់​លោក ឌួង ងៀប តុលាការ​បាន​ចោទប្រកាន់​លោក​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ជនជាតិ​តៃវ៉ាន់​។ ត្រង់​ការចោទប្រកាន់​នេះ​លោក​ខ្លួនឯងបាន​បដិសេធ​ចោទ​ទាំងស្រុង ដោយ​លោក​ថា “​លោក​មិនដែល​បាន​ទៅរក​ស៊ី​ជាមួយ​ចិនតៃវ៉ាន់​ទាំងអស់​នោះទេ​”​។​

​លោក​សំណូមពរ​ឱ្យ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​តុលាការ​កំពូល​កម្ពុជា ជួយ​រក​យុត្តិធម៌​ជូន​លោក​ពាក់ព័ន្ធ​នឹង​ករណីនេះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សារព័ត៌មាន​ខ្មែរ​ឈានមុខ នៅ​ថ្ងៃ​ដដែល​នេះ បាន​សុំ​ការបំភ្លឺ​ពី​លោក ប្លង់ សុផល អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​។ ប៉ុន្តែ​លោក​មិនទាន់បាន​ឆ្លើយតប​នៅឡើយ​នោះទេ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​របស់លោក ឌួង ងៀប​ខាងលើនេះ​។​

​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះដែរ សារព័ត៌មាន​ខ្មែរ​ឈានមុខ បាន​សុំ​ការបំភ្លឺ​បន្ថែមទៀត​ពី​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ជុំវិញ​រឿងរ៉ាវ​ខាងលើនេះ ប៉ុន្តែ​ទូរស័ព្ទ​តេ​ចូល​មិនមាន​អ្នក​លើក​។​

​ព័ត៌មាន​របស់លោក ឌួង ងៀប ត្រូវបាន​បណ្តាញ​អ្នកសារព័ត៌មាន​ក្នុងស្រុក និង​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ធ្វើការ​ចែករំលែក​យ៉ាងខ្លាំង​ក្លា​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម ដែល​អាច​ចាត់ទុកថា ជា​ព័ត៌មាន​ដ៏​រសើប​និង​មាន​អ្នក​ចង់ដឹង​ច្រើន​។​

​តែ​ទោះបីជា​យ៉ាងណា គេ​កំពុង​រង់ចាំ​មើលថា​តើ​ដំណើរការ​សាច់រឿង​រប​ស់លោក ឌួង ងៀប ទៅជា​អ្វី​បន្តទៀត បន្ទាប់ពី​លោក​បាន​បើក​កកាយ​ជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​ភាពអយុត្តិធម៌​របស់លោក​នៅក្នុង​ប្រព័ន្ធតុលាការ​៕​