ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសឱ្យដឹងថា ការចម្លងវីរុសកូវីដ១៩ ប្រភេទអូមីក្រុង ដែលមានសន្ទុះកើនឡើងនាពេលបច្ចុប្បន្ននេះ ភាគច្រើនកើតឡើងលើក្រុមយុវវ័យ និងវ័យកណ្តាល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកាលពីថ្ងៃទី៨ កុម្ភៈម្សិលមិញនេះ។
ការប្រកាសរបស់ក្រសួងនេះ គឺធ្វើឡើង ខណៈដែលបច្ចុប្បន្នស្ថានភាពនៃការឆ្លងវីរុសកូវីដ១៩ ជាពិសេសអូមីក្រុង មានការកើនឡើងជាបន្តបន្ទាប់លើសពី៣ខ្ទង់ទៅហើយជារៀងរាល់ថ្ងៃ ដែលគួរឱ្យមានការព្រួយបារម្ភ ហើយវិធានការការពារការចម្លងជំងឺកូវីដ១៩ ក៏ឃើញថា មិនទាន់មានការអនុវត្តឱ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ ជាពិសេសការជួបជុំគ្នា គឺមានការកើនឡើងច្រើនទៅៗ ដោយមិនមានការប្រតិបត្តិតាមវិធានការសុខាភិបាល។
បើតាមក្រសួង សន្ទុះនៃការឆ្លងទៅលើក្រុមខាងលើនេះ គឺដោយសារតែក្រុមទាំងនេះបានដើរចេញក្រៅផ្ទះច្រើន និងមានការជួបជុំមិត្តភ័ក្ត្រ ឬការជួបជុំគ្នាច្រើន។ ត្រង់ចំណុចនេះ ក្រសួងអំពាវនាវសូមឱ្យចូលរួមអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងទាក់ទងវិធានការណ៍សុខាភិបាលឱ្យបានម៉ត់ចត់ ដើម្បីការពារខ្លួននិងសមាជិកក្រុមគ្រួសារ ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលកងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវវីរុសកូវី១៩នេះ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីយប់ថ្ងៃទី៨ កុម្ភៈម្សិលមិញនេះ បានសង្កត់ធ្ងន់ថា ការកើនឡើងនូវការឆ្លងវីរុសកូវីដ១៩នាពេលបច្ចុប្បន្ននេះ តម្រូវឱ្យមានវិធានការជាបន្ទាន់បន្ថែមទៅលើវិធានការដែលបានដាក់ចេញរួចមកហើយនាពេលកន្លងមកនេះ។
ប្រឈមមុខនឹងបញ្ហានេះ សម្តេចបន្តអំពាវនាវឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសយកចិត្តទុកដាក់លើការការពារខ្លួនជាចាំបាច់ក្នុងនោះការកាត់បន្ថយការការជួបជុំ និងការប្រមូលផ្តុំគ្នា រួមជាមួយការបន្តការអនុវត្តវិធានការសុខាភិបាលបីកុំ និងបីការពារឱ្យបានត្រឹមត្រូវ។ សម្តេច សង្កត់ថា ប្រសិនបើប្រជាពលរដ្ឋអនុវត្តបាននូវវិធានការការពារនេះបានត្រឹមត្រូវការឆ្លងជំងឺកូវីដ១៩នេះក៏មិនឆ្លងរីករាលដាលធ្ងន់ធ្ងរដូចពេលនេះដែរ។
សម្តេច បានបញ្ជាក់ថា ”ពិតមែនតែជំងឺនេះ(អូមីក្រុង) ប្រៀបធៀបជាមួយឌែលតា និងអាល់ហ្វា ក៏ប៉ុន្តែបើការឆ្លងនេះនៅតែកើនឡើងខ្ពស់។ វានឹងនាំទៅដល់គ្រោះថ្នាក់ ដែលអាចសាយភាយចេញពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្ត ដោយឥឡូវនេះខេត្តមួយចំនួនពុំមានករណីឆ្លងទេ។ ប៉ុន្តែករណីនៅទីក្រុងភ្នំពេញបែរជាមានចំនួនឆ្លងច្រើនដែលត្រូវយកចិត្តទុក”៕