សម្តេច ហ៊ុន សែន ចេញ​សារ​ទាំងយប់ បំភ្លឺ​ជុំវិញ​ការលើកឡើង​របស់​សម្តេច អំពី​ការដោះលែង​ជនជាតិ​អូស្ត្រាលី ពី​ព្រឹក​មិញ​នេះ​

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​យប់​ថ្ងៃ​ចន្ទ ទី​៧ កុម្ភៈ​នេះ បាន​បង្ហោះ​សារ​បំភ្លឺ​ជុំវិញ​ការបកស្រាយ​របស់​សម្តេច​នៅ​ព្រឹក​មិញ​នេះ ពាក់ព័ន្ធ​នឹង​ការដោះលែង​សាស្ត្រាចារ្យ​ជនជាតិ​អូស្ត្រាលី លោក សន ធើ​នណល ដែល​ជាប់ឃុំ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ប្រមាណ​១​ឆ្នាំ​ហើយ​នោះ ពី​សំណាក់​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​។​

​ការបំភ្លឺ​របស់​សម្តេច ធ្វើឡើង​បន្ទាប់ពី​សម្តេច​នៅ​ព្រឹក​មិញ​នេះ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កំណាត់​ផ្លូវជាតិ លេខ​៧ ប្រវែង​ជិត​១០០​គីឡូម៉ែត្រ ក្នុង​ខេត្តក្រចេះ សម្តេច​បានលើកឡើង​ជុំវិញ​ការដោះលែង​លោក​សាស្ត្រាចារ្យ ជនជាតិ​អូ​ស្ត្រា​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច របស់លោក​ស្រី អង់ សាន ស៊ូ​ជី ដែល​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ស្នើ​សុំឱ្យ សម្តេច​លើក​យកមក​ជជែក​ជាមួយ​ភាគី​មី​យ៉ាន់​ម៉ា ហើយ​ត្រូវ​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង សន្យា​ពិចារណា​ជា​វិជ្ជមាន​ជាមួយ​សម្តេច គ្រា​ដែល​សម្តេច​ធ្វើ​ទស្សនៈកិច្ច​ទៅកាន់​មី​យ៉ាន់​ម៉ា​។

​សម្តេច ហ៊ុន សែន បាន​សរសេរ​សារ​បង្ហោះ​លើ​ផេ​ក​ផ្លូវការ​របស់​សម្តេច ដោយ​បញ្ជាក់ថា “​ព្រឹក​មិញ​ខ្ញុំ​បានលើកឡើង​អំពី​ការដោះលែង​ជនជាតិ​អូស្ត្រាលី​ដែល​ខ្ញុំ​បាន​ស្នើសុំ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា​”​។ ត្រង់​ការលើកឡើង​បែបនេះ សម្តេច ថា “​តាម​ការជាក់ស្តែង​ជនជាតិ​អូស្ត្រាលី​នេះ​មិនទាន់​ទទួលបាន​ការដោះលែង​នៅឡើយ​ទេ​”​។​

​សម្តេច បាន​បន្តទៀតថា “​ការភ័ន្តច្រឡំ​នេះ​បណ្តាលមកពី​សម្តេច​ទទួល​បាន​ព័ត៌មាន​ខុស​”​។ តែ​ទោះបីជា​យ៉ាងណា​ក្នុងនាម​ជា​មេដឹកនាំ​កម្ពុជា​មួយរូប សម្តេច បាន​បញ្ជាក់ថា “​សូម​អធ្យាស្រ័យ​លើ​កំហុស​ដោយ​អ​ចេតនា​មួយ​នេះ​”​។​

​ភ្លាមៗ​បន្ទាប់ពី​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​បកស្រាយ ក្រសួងការបរទេស​ក​ម្ពុ​ជា​នៅ​យប់​ថ្ងៃ​ដដែល​នេះ បានចេញ សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​បំភ្លឺ​ជុំវិញ​អ្វីដែល​សម្តេចនាយក​រដ្ឋមន្ត្រី លើកឡើង​ពាក់ព័ន្ធ​នឹង​ការដោះលែង​ជនជាតិ​អូស្ត្រាលី​ពី​សំណាក់​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​។​

​សម្រាប់​ក្រសួងការបរទេស អ្វីដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​លើកឡើង​នេះ គឺ​ដោយសារ​ការ​ផ្តល់ព័ត៌មាន​ខុស ខណៈដែល​លោក​សាស្ត្រាចារ្យ សន ធើ​នណល នៅ​បន្ត​ជាប់ឃុំ​ឃាំង​ដដែល​ក្រោម​ការដឹកនាំ​ពី​សំណាក់​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​។​

​តែ​ទោះបីជា​យ៉ាងនេះ​ក្តី ក្រសួង បាន​បញ្ជាក់ថា “​នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់ មីន អោ​ង ឡាំង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លើក​ពី​ករណី​លោក​សាស្ត្រាចារ្យ សន ធើ​នណល ហើយ​ទទួលបាន​ការធានា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ជាន់ខ្ពស់​ថា គាត់​នឹង​ពិចារណា​ករណីនេះ​ឡើងវិញ​បន្ទាប់ពី​ដំណើរការ​តុលាការ​ត្រូវបាន​បញ្ចប់​”៕​